ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ទំនាស់រឿងស្រីស្នេហ៍ ជនជាតិចិនម្នាក់ ប្រើកាំបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់ជនជាតិចិនម្នាក់ទៀត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅតាមដងផ្លូវក្បែររង្វង់មូលតោ២ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។
តាមរបាយការណ៍ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ជាជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាជនជាតិចិន ភេទប្រុស បណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងដើរ តាមផ្លូវ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានឡើងជិះរថយន្តតាក់ស៊ី១គ្រឿង គេចខ្លួនបាត់ ។ ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានឆែកកាំមេរ៉ាសុវត្តិភាពតាមដងផ្លូវ រហូតដល់វេលាម៉ោង២២និង០០នាទី ទើបដឹងថា ជនសង្ស័យបានជិះតាក់ស៊ីទៅសណ្ឋាគារមួយកន្លែង ដែលស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ និងអ្នកគ្រប់គ្រងសណ្ឋាគារ កម្លាំងសមត្ថកិច្ចបានធ្វើរដ្ឋបាលឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ (បន្ទប់លេខ 8703) ក៏ឃាត់ខ្លួនបានជនសង្ស័យ និងរកឃើញគ្រឿងញៀនមួយចំនួន រីឯវត្ថុតាងកាំបិតដែលជនសង្ស័យធ្វើសកម្មភាព ជនសង្ស័យបានយកទៅបោះ ចោលនៅក្នុងលូទឹកមុខសណ្ឋាគារ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដកហូតយកមករក្សាទុករួចរាល់ហើយ ។
ជនរងគ្រោះឈ្មោះ Liu Lei ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ…. ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរទេសចរ រងបួសធ្ងន់ កំពុងសម្រាកព្យា បាលនៅគ្លីនចិនមួយកន្លែង មានទីតាំងស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ Zhang Xian Jin ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ…. ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។
វត្ថុតាងចាប់យក៖ កាំបិតស្នៀត១ដើម (ឧបករណ៍ធ្វើសកម្មភាព), ថ្នាំW.Y សង្ស័យសារធាតុញៀន ចំនួន១៨គ្រាប់, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៩កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, ថង់សម្រាប់វេចខ្ចប់មួយចំនួន។
ជនសង្ស័យបានឆ្លើយថា ករណីនេះ បានកើតឡើង ដោយសារ ជនរងគ្រោះបានមានទំនាក់ទំនងជាមួយសង្សារបស់ខ្លួន ហើយរូបគេខឹងទើបនៅថ្ងៃកើតហេតុ យកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕
មតិយោបល់