ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា អំពើហិង្សាកើតឡើង រវាងគ្រួសារកសិករមួយ បង្កឡើងដោយជនសង្ស័យឈ្មោះ ឆូយ វឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បានវាយទៅលើជនរងគ្រោះឈ្មោះ សារិន វិត ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ បណ្តាលឲ្យជនរងគ្រោះ ជាឪពុករងរបួស ហូរឈាមស្រស្រាក់ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសម្រាកព្យាបាល នៅមណ្ឌលសុខភាពកញ្ជរ អ្នកទាំងពីរឪពុក និងកូនមានទីលំនៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៨និង៤៥នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ឆូយ វឿន ផឹកស៊ីជាមួយមិត្តភក្តិស្រវឹងជោកជាំ ឪ ពុកឃើញកូនស្រវឹងបែបនេះ ក៏ស្តីបន្ទោសធ្វើឲ្យជនសង្ស័យជាកូន ខឹងទប់ចិត្តមិនបាន ក៏ស្ទុះទៅវាយឪពុកបង្កើតខ្លួន បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឃើញហេតុដូចនេះក្រុមគ្រួសារ ក៏ផ្តល់ព័ត៌ជូនសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាក់ស្តែង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីធ្វើការសួរនាំ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ករណីហិង្សានេះ គឺបណ្តាលមកពីរូបគេផឹកស៊ីស្រវឹងជោកជាំ វង្វេងបាត់ស្មារតី ទើបកើតរឿងហិង្សានេះឡើង ៕
មតិយោបល់