បន្ទាយមានជ័យៈ ករណីក្មេងសិស្សសាលាបឋមសិក្សាប៉ោយសំរោង ជាង១០០នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអាការៈពុលទន់ខ្លួន និងក្អួតចង្អោរ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុក ត្រូវបានលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដាក់ការសង្ស័យថា បណ្តាលមកពី ពុលជ្រក់ក្នុងកញ្ចប់បាយ ។
លោក វ៉ាត់ វង់ នាយកសាលាបឋមសិក្សាប៉ោយសំរោង បានឲ្យអ្នកសារព័ត៌មានដឹងថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានជនជាតិកូរ៉េមួយក្រុមកាន់សាសនាគ្រិស្ទ បានចូលមកក្នុងសាលាដើម្បីសុំផ្សព្វផ្សាយសាសនា ។ នៅក្នុងនោះក្រុមជនជាតិកូរ៉េ ក៏មានពិធីលេងល្បែងកំសាន្តជាច្រើន សម្រាប់ពួកក្មេងៗ រួមទាំងចែកស្កគ្រាប់ បាយកញ្ចប់ ទឹកសុទ្ធនិងអាវយឺត ផងដែរ ។ ក្រោយពីចប់ការលេងល្បែងកំសាន្ត ក៏នាំគ្នាញ៉ាំអាហាររួមគ្នាទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងក្រុមជនជាតិកូរ៉េទាំងនោះ ។ តែក្រោយពីញ៉ាំអាហាររួចក្មេងៗ មួយចំនួនក៏មានអាការៈទន់ដៃទន់ជើង ខ្លះក្អួតចង្អោរ និងឈឺពោះ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះជាបន្តបន្ទាប់តែម្តង ។
ជាមួយគ្នានេះលោក ស៊ិន រ៉ាស៊ី មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា គិតមកទល់ម៉ោង២០និង១២នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្មេងៗដែលទទួលការជួយសង្គ្រោះគឺមានចំនួន១៤២នាក់ ក្នុងនោះប្រុស៦៣នាក់ ។ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ មានក្មេងៗចំនួន៩០នាក់ បានធូរស្រាលនិងអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញ ដោយឡែកក្មេងៗ ៥២នាក់ទៀតនៅបន្តព្យាបាលនៅឡើយ ។
ជាថ្មីម្តងទៀតលោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បាន ធ្វើការអំពាវនាវដល់បណ្តាប្រជាពលរដ្ឋដែលនិយមធ្វើពិធីជប់លៀងផ្សេង ៗ ធ្វើយ៉ាងណា ត្រូវគិតពីកត្តាអនាម័យឲ្យបានខ្ពស់ ព្រោះវាអាចធ្វើឲ្យយើងមានបញ្ហាពុលអាហារដូចករណីខាងលើ៕
មតិយោបល់