ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋមកចោមរោមមើល ខណៈបុរសម្នាក់ដែលអះអាងថា ជាបុគ្គលិកកាស៊ីណូឡាវិហ្គាសាន់ ដេកស្លាប់នៅក្នុងបន្ទប់ ហើយបានរាយការណ៍មកដល់សមត្ថកិច្ចចុះទៅពិនិត្យ ដោយហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខC3 នៃផ្ទះសំណាក់ដែលក្រុមហ៊ុនជួលសម្រាប់ឲ្យបុគ្គលិកក្រុមហ៊ុនកាស៊ីណូឡាវិហ្គាសាន់ (LASVEGAS SUN)ស្នាក់នៅ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។
សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសូត្រ សុខម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូខាងលើ មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី បានដេកស្លាប់នៅក្នុងបន្ទប់ ដោយសង្ស័យជាអំពើឃាតកម្ម។ ប៉ុន្តែក្រោយពីពិនិត្យរបស់ក្រុមគណកម្មបានបញ្ជាក់ថា សាកសពពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែនពុំពាក់ព័ន្ធនឹងអំពើឃាតកម្មទេ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះជាបុគ្គលិកធ្វើការវេនយប់ គឺចូលនៅម៉ោង៥ល្ងាច ចេញនៅម៉ោង២យប់ទៀបភ្លឺ។ នៅយប់កើតហេតុ ជនរងគ្រោះចេញពីធ្វើការនៅម៉ោង២ទៀបភ្លឺ រួចបានមកដេកនៅក្នុងបន្ទប់C3 ជាមួយបុគ្គលិក៣នាក់ផ្សេងទៀត ក្រោយមកជនរងគ្រោះបានចេញពីបន្ទប់ទៅទិញស្រាបៀរយកមកផឹកជាមួយមិត្តភក្តិ៤នាក់ ដែលធ្វើការជាមួយគ្នាក្នុងបន្ទប់លេខC5 រហូតដល់ម៉ោងជិត៤ទៀបភ្លឺ ទើបបែកគ្នាហើយបានដើរទៅដេកក្នុងបន្ទប់ខ្លួនវិញ(បន្ទប់C3)រហូតដល់ម៉ោង១២ថ្ងៃត្រង់បុគ្គលិក៣នាក់ ដែលដេកជាមួយបានភ្ញាក់ឡើង ទៅញ៉ាំបាយ ក៏ដាស់ជនរងគ្រោះឲ្យឡើងទៅញ៉ាំបាយទាំងអស់គ្នា ពេលយកដៃទៅអង្រួនជើង ស្រាប់តែជនរងគ្រោះស្លាប់រឹងទៅហើយមិនដឹងស្លាប់នៅពេលណា ក៏ឆោឡោប្តឹងសមត្ថកិច្ចឲ្យចុះមកពិនិត្យ។
ក្រោយពីគ្រូពេទ្យ និងគណកម្មការពិនិត្យធ្វើកោសល្យវិច័យឃើញថា គ្មានស្លាកស្នាមអ្វីជាអំពើឃាតកម្មឡើយ គឺពិតជាខ្យល់គរគាំងបេះដូងស្លាប់។ សាកសពត្រូវបានសម្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់