ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ បានប្រើកូនស្រីរបស់ខ្លួនឱ្យសាស្រោមខ្នើយ និងកម្រាលពូក ខណៈមេឃកំពុងរលឹមឆក់ចរន្តអគ្គិសនី ឪពុកឃើញហក់ទៅជួយឆក់ស្លាប់ខ្លួនឯង កូនស្រីរបួសធ្ងន់ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចំណុចជាន់ទី១ នៃផ្ទះលេខ6A6 ក្រុម១៩៤ ផ្លូវ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ជុំ ស៊ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។ ចំណែកកូនស្រីរងរបួសឈ្មោះ ស៊ន ស្រីលីន អាយុ១៣ឆ្នាំ ជាសិស្សសាលា ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាឱពុកបានប្រើកូនស្រីរបស់ខ្លួន ដែលមានអាយុ១៣ឆ្នាំ ឱ្យទៅសាកម្រាលពូក និងស្រោមខ្នើយនៅជាន់ទី២ នៃផ្ទះកើតហេតុ ពេលកូនទៅដល់ក៏ឃើញស្រោមខ្នើយជ្រុះ មកទើរលើស័ង្កសីជាន់ទី១ កូននោះមករើសស្រោមខ្នើយនៅជាន់ទី១ ពេលនោះឪពុកបាត់កូនយូរសង្ស័យកូនថា ប្រហែលជាមានរឿងអ្វីទើបរត់ឡើងទៅមើល ក៏ប្រទះឃើញកូនស្រីត្រូវឆក់ចរន្តអគ្គិសនីឆក់ ក៏ហក់ទៅជួយកូន តែត្រូវឆក់ចរន្តអគ្គិសនីទាំងឪពុកនិងកូន រួចក៏បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជិតខាង ទៅជួយសង្គ្រោះទាំងឪពុកនិងកូន យកទៅមន្ទីរពេទ្យ ដោយបញ្ជូនកូនស្រីទៅមុន រួចក៏បញ្ជូនបុរសជាឪពុកទៅតាមក្រោយ តែអកុសល្យពេលទៅដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យប្រាប់ថា បុរសខាងលើបានស្លាប់បាត់ហើយ រីឯកូនស្រីកំពុងសង្គ្រោះ ។
រួចក៏ដឹកសពត្រលប់មកវិញ ដើម្បីឱ្យសមត្ថកិច្ចពិនិត្យជាក់ស្តែង និងតាមជំនាញរួចប្រគល់សព ឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់