ភ្នំពេញៈ យុវជនម្នាក់បើករ៉ឺម៉កសណ្ដោងមួយគ្រឿងលឿន ខ្វះការប្រុងប្រយ័ត្នក៏យជ្រុលទៅបុកគូថរថយន្តពីក្រោយ ពេញទំហឹងរងការខូចខាតយ៉ាងដំណំ ម្ចាស់រថយន្តទារថ្លៃខូចខាត១,០០០ដុល្លារ តែសម្រួលគ្នាបញ្ចប់រឿងត្រឹម១៥០ដុល្លារ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុគេឃើញបុរសជាតិចិនបើករថយន្តម៉ាក ហាយឡាក់វីហ្គោ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-2198 បើកធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ១ ខណៈពេលធ្វើដំណើរមកដល់ត្រង់ចំណុចនិងវត្តនិរោធ ក៏ស្រាប់តែឃើញរ៉ឺម៉កសណ្ដោងមួយគ្រឿងទិសដៅស្របគ្នា បើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនស៊ីទើបបណ្ដាលឲ្យជ្រុលទៅបុក នឹងរថយន្តពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុធ្វើការវាស់វែងយករថយន្ត និងរ៉ឺម៉កមកដាក់អែបនឹងចេញចាប់ផ្លូវ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ហើយទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាគ្នាជាសំណង ក្រោយមកជនជាតិចិនទារថ្លៃរាល់ការខូចខាតរហូតដល់ ១,០០០ដុល្លារតែភាគីខាងរ៉ឺម៉កគ្មានលុយសង ហើយក៏បានទាក់ទងទៅខាងអ្នកដែលចេះភាសាចិនឲ្យមកជួយធ្វើការបកប្រែ និងសម្របសម្រួលអស់រយៈពេលជិតមួយម៉ោង ទើបជនជាតិចិនជាម្ចាស់រថយន្តព្រមទទួលយកសំណងចំនួន ១៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
មតិយោបល់