ព័ត៌មានជាតិ

រយៈពេលជាង ៤ឆ្នាំ ដោយស៊ូទ្រាំលែងបាន ទើបប្រពន្ធដាច់ចិត្តប្ដឹងសមត្ថកិច្ចចាប់!

បន្ទាយមានជ័យៈ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ក្រោយពីការិយាល័យបង្ក្រាបការជួញដូរមនុស្សទទួលបានពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះឈ្មោះ យ៉េត លីន អាយុ ៣៤ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងប្ដីរបស់គាត់ ឈ្មោះ ឡេង លឿង អាយុ ៤១ឆ្នាំ ប្រើប្រាស់សារធាតុញៀនរួចប្រើអំពើហិង្សាមកលើរូបគាត់ និងក្រុមគ្រួសារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានរាយការណ៍ជូនលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានចាត់តាំងកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងកងអន្តរាគមន៍ដឹកនាំដោយលោក ចាំង សុភ័ក្រ ចុះឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង ៣និង០៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះជាប្រពន្ធ ព្រមទាំងដកហូតបានកាំបិតដងឈើប្រវែង២៨សង់ទីម៉ែត្រចំនួន០១ដើម រួចនាំយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងការិយាល័យជំនាញសាកសួររួច ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់សារធាតុញៀនជាប្រចាំយូរឆ្នាំមកហើយ ពេលខ្លួនប្រើប្រាស់សារធាតុញៀនម្ដងៗ រូបគេតែងតែប្រើអំពើហិង្សាលើប្រពន្ធ និងអ្នកនៅក្នុងផ្ទះទៀតផង ហើយក៏ធ្លាប់វ៉ៃប្រពន្ធបែកក្បាល ព្រមទាំងធ្លាប់គំរាមអារ.កប្រពន្ធបន្ថែមទៀត។

ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងកាំបិតនៅនឹងដៃផងនោះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៕

មតិយោបល់