ព័ត៌មានជាតិ

រថយន្ដស៊េរីទំនើប570 បុកម៉ូតូឌ្រីមសង់០២១ ប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

ភ្នំពេញ: មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើង ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បានបុកម៉ូតូប៉ើងជាង ២០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ចំណុចស្តុបកងរាជអាវុតហត្ថ លើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សពជនរងគ្រោះមានឈ្មោះ វ៉ាន់ ជេតឡយ ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

យោងតាមប្រភពពីសន្តិសុខម្នាក់ ដែលយាមនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស ស៊េរីទំនើប570 ពណ៌មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨ ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿនដូចហោះ ខណ:មកចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូឌ្រីម០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IW 7120 ជិះដោយយុវជនម្នាក់ តាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង ចំពាក់កណ្ដាលម៉ូតូពេញទំហឹង ប៉ើងដូចក្រដាស ប្រមាណជាង២០ម៉ែត្រ បណ្ដាលយុវជនខាងលើ រងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវ ត្រូវរថយន្តដឹកសពមកទីតាំងកន្លែងកើតហេតុវិញ ។ ចំណែករថយន្តបង្កព្យាយាមបើករត់គេចបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំឆែកតាមកាមរ៉ាសុវត្តិភាព ដើម្បីរកម្ចាស់រថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់