កំពង់ធំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ យប់ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង ១២អាធ្រាត្រដល់វេលាម៉ោង ៣ទៀបភ្លឺ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងកម្រិតបរិមាណ ១១០,៨ មីលីម៉ែត្រ នៅភ្នំសន្ទុក និងតំបន់ជុំវិញ បណ្តាលឲ្យមានជំនន់ទឹកភ្លៀងកើតឡើងភ្លាមៗនៅភូមិកកោះ និងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក បណ្តាលឲ្យលិចនិងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៦ ប្រវែងប្រហែល ១០០០ម៉ែត្រ, កម្ពស់ប្រហែលពី១០ទៅ៣០សង់ទីម៉ែត្រ និងលិចលើកំណាត់ភ្លឺប្រឡាយមេតាំងក្រសាំង ប្រវែងប្រហែល ៣០០ម៉ែត្រកម្ពស់ពី១០ទៅ២០សង់ទីម៉ែត្រ ។ នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ មន្ត្រីកិច្ចសន្យាឆ្មាំទំនប់នៅទីនោះនិងសហគមន៍ចុះទៅបើកទ្វារទឹកនៅក្នុងប្រឡាយមេតាំងក្រសាំង ផ្នែកខាងក្រោមដែលទាក់ទងនឹងទឹកជំនន់នេះទាំងអស់ ។ មកដល់ពេលនេះនៅវេលាម៉ោង៦:៣០នាទី ស្ថានភាពទឹកជំនន់កាត់ផ្លូវជាតិលេខ៦ បានស្រកចុះ នៅសល់កម្ពស់ប្រហែល៥សង់ទីម៉ែត្រ ប្រវែងហូរនៅសល់ប្រហែល៣០០ម៉ែត្រ ។
ជាការសន្និដ្ឋាន ៖ នៅវេលាប្រហែលវេលាម៉ោង ៨ព្រឹកនេះ ទឹកស្រកផុតលែងហូរលើកំណាត់ផ្លូវជាតិលេខ៦ នេះទៀតហើយ ៕
ព័ត៌មានជាតិ
មតិយោបល់