ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿង ចុះពីលើស្ពាន៧មករា ល្បឿនលឿនដូចហោះ ជ្រុលទៅបុករះរបាំងថ្ម ចែកទ្រូងផ្លូវ ពេញទំហឹង បោកក្បាលនិងបង្គោលភ្លើងបែកក្បាលស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័ម កាលវេលាម៉ោង ០១ និង ១០ នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ចំណុចមុខវិហារចិន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សពជនរងគ្រោះឈ្មោះ សុគី ជូលា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
យោងតាមប្រភពពីសន្តិសុខម្នាក់ ដែលគាត់យាមការដ្ឋានមួយកន្លែង ជិតកន្លែងកើតហេតុ មុនពេលកើតហេតុគាត់ឃើញបុរសម្នាក់ ជិះម៉ូតូធុនធំ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1IU 8702 ធ្វើដំណើរទិសដៅពីកើតទៅលិច ចុះពីលើស្ពាន៧មករា ក្នុងល្បឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោងផងនោះ បានជ្រុលទៅបុករបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូហោះចេញបោកក្បាល និងបង្គោលភ្លើងបែកក្បាលស្លាប់ ក្នុងថ្លុកឈាមគួរឲ្យរន្ធត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌចុះមកចំណុចកើតហេតុវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក ជាបណ្ដោះអាសន្ន រង់ចាំសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ ។ ដោយឡែកសពរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់