ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងស្ត្រីជនជាតិវៀតណាមម្នាក់ ទទួលផលចោរកម្ម

ព្រះសីហនុៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកាត់ខ្សែភ្លើងមួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ជាអ្នកលួច និងម្នាក់ ជាអ្នកទទួលផលចោរកម្ម។

សុំបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវ ដល់ចំណុចផ្លូវក្រោយសាលាក្តីសង្ឃឹម ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក WAVE ពណ៌ក្រហម ស្លាកលេខ កំពង់ចាម 1A-0754 កំពុងធ្វើសកម្មភាព យកខ្សែភ្លើងកាត់ជាកំណាត់ជាច្រើនដើម ចេញពីអាគារមួយទុកចោលមួយ ភ្លាមនោះកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ៣នាក់ តែម្តង ។

ជនរងគ្រោះមានឈ្មោះ SHI LANG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ ម៉ាន់ បូរី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២-ឈ្មោះ សេង សំណាង ហៅ កន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សេង សុភក្រ្ត ហៅ ក្តាម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ៖
-ខ្សែភ្លើងកំណត់ខ្លីៗ ចំនួន ៧៣ដើម (ផលនៃអំពើលួច)
-កន្ត្រៃកាត់ដែក ០២ “តូច១ ,ធំ១” (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-សោសំរាប់ដោះខ្ចៅ ចំនួន ០២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ក្រហម ស្លាកលេខៈ កំពង់ចាម 1A-0754 (មធ្យោបាយជិះធ្វើសកម្មភាព) ។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេបានធ្វើសកម្មភាព លួចកាត់យកខ្សែភ្លើងជាច្រើនលើក ហើយខ្សែភ្លើងដែលពួកគេលួចបាន យកទៅលក់ឲ្យស្ត្រីជនជាតិវៀតណាមម្នាក់ ដែលជាថៅកែទិញ-លក់អេតចាយ នៅឃ្លាំងលើ (ទល់មុខកន្លែងចាក់សំរាម) ស្ថិតនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទើបកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងទិញ-លក់អេតចាយ នៅឃ្លាំងលើនេះ ហើយធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងដែលជាស្ត្រីជនជាតិវៀតណាម (ចេះខ្មែរ) និងធ្វើការដកហូតបានវត្ថុតាង ស្ពាន់ខ្សែភ្លើង ចំនួន ២២គីឡូក្រាម (ជាផលនៃអំពើចោរកម្ម) ។

ជនសង្ស័យដែលទទួលទិញផលចោរកម្មមានឈ្មោះ ផាន់ រឹម ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ ថៅកែទិញ-លក់អេតចាយ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់