ស្វាយរៀងៈ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្នា ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនិងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ ខាងមុខនេះ។
ការថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ ក្នុងឱកាសដែល លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកអភិបាលខេត្តស្វាយរៀងបានប្រសាសន៍ថា ពលរដ្ឋដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវរួសរាន់ទៅធ្វើឲ្យបានឆាប់ ព្រោះកាលណា យើងមានអត្តសញ្ញាណប័ណ្ណ ទើបយើងមានសិទ្ធិបោះឆ្នោត និងអាចប្រើប្រាស់ធ្វើកិច្ចការងារផ្សេងៗបាន។
ក្នុងឱកាសនោះដែរ លោក ម៉ែន វិបុល បានដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋដូចជាកសាងផ្លូវក្រាលកៅស៊ូ អគ្គិសនី ជាពិសេសនោះបានសិក្សា និងដាក់គម្រោងធ្វើស្ពានភ្ជាប់ពីភូមិគយត្របែកសង្កាត់គយត្របែក កាត់ព្រែកទន្លេវ៉ៃគោ ឆ្ពោះទៅភូមិរោងបន្លែ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ដើម្បីងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលមកកាន់ទីផ្សារផងដែរ៕
មតិយោបល់