ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរថយន្ត ត្រូវកម្លាំងនគរបាលស្រុកស្នួលឃាត់ខ្លួន

ត្បូងឃ្មុំៈ នគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ បានតាមស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់ម្នាក់ឈ្មោះ សឿន សា អាយុ៣៤ឆ្នាំ រស់នៅភូមិអំពុក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធអំពើលួច ។

ក្នុងប្រតិបត្តិការប្រដេញចាប់ខ្លួននេះ នគរបាលបានបានចាប់យកវត្ថុតាង៖ រថយន្ត០១គ្រឿង ម៉ាកឆ្លាម ពណ៌ទឹកមាស ស៊េរីឆ្នាំ១៩៩៧ ផ្លាកលេខភ្នំពេញ 2J.2042 ដែលជនដៃដល់បានធ្វើសកម្មភាពលួច ពេលម្ចាស់រថយន្តបានចតទុកនៅក្បែរផ្លូវចំណុចគីឡូម៉ែត្រ ៩៤ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងបានព្យាយាមជិះរត់គេចតែមិនបានសម្រេច ។

ជនសង្ស័យខាងលើនោះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់