ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនជនសង្ស័យជំនាញលួចគាស់ទ្រព្យសម្បត្តិអ្នកដទៃទៅការិយាល័យជំនាញ ចាត់ការបន្តតាមនិតិវិធី

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ ជាសញ្ញាចោរលួចយ៉ាងសកម្ម ទោះបីផ្ទះជាប់របងគ្នាក៏មិនលើកលែងដែរក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលសិរីសោភ័ណ ស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនមានឈ្មោះ ១/-សួស សុភី ហៅខ្មៅ ភេទប្រុសអាយុ១៦ឆ្នាំ, ២/-អ៊ុច ឡើយ ភេទប្រុស អាយុ១៩ឆ្នាំ, ៣/-ញឹម ខេន ភេទប្រុស អាយុ១៩ឆ្នាំ, ៤/-ផាន់ ផាវ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង០៤នាក់ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំពោះលទ្ធផលដែលកម្លាំងនគរបាលក្រុងសិរីសោភ័ណ សម្រេចបាននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា ៖ តាមបណ្តឹងរបស់ឈ្មោះ លឹម ប៊ុនលាង ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា មានករណីចោរលួចគាស់គន្លឹះទ្វារផ្ទះរបស់ខ្លួន ខណ:ពេលគាត់ទៅធ្វើបុណ្យនៅឯភ្នំពេញ យកអស់ស្រាបៀរហ្គេនស្បឹកចំនួន១៣កេស,ស្រាបៀរកម្ពុជាចំនួន០៥កេស,ស្រាបៀរ ABC ចំនួន០១កេសនិងទឹកក្រូចមួយចំនួន ។ ក្រោយពីទទួល បានបណ្តឹង កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ សួស សុភី ហៅខ្មៅ មកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សួស សុភី ហៅខ្មៅ បានសារភាពថា គេនិងបក្សពួក០៣នាក់ទៀតឈ្មោះ ១/-អ៊ុច ឡើយ ,២/-ញឹម ខេន,៣/-ផាន់ ផាវ ពិតជាបានធ្វើសកម្មភាពគាស់គន្លឹះទ្វារផ្ទះរបស់ឈ្មោះ លឹម ប៊ុនលាង យកស្រាបៀរនោះមែន ខណៈពេលម្ចាស់ផ្ទះមិននៅរវល់ទៅធ្វើបុណ្យឯភ្នំពេញ។ ក្រោយលួចបានពួកគេយកទៅលក់ឲ្យឈ្មោះ វ៉ាន់ ថន ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ បានតម្លៃ០១កេស៤ម៉ឺន៩ពាន់រៀល ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ៖ ជនសង្ស័យទាំង០៤នាក់ កម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះហើយ៕

 

មតិយោបល់