ភ្នំពេញ៖ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ គ្រោងបើកឲ្យចរាចរបណ្តោះអាសន្ន លើផ្លូវក្រោមដីមួយចំនួន នៅការដ្ឋានស្ពានស្ទឹងមានជ័យនៅសប្តាហ៍នេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤។
នៅក្នុងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានដឹងថា សាលារាជធានីភ្នំពេញនឹងអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវក្រោមដីជាផ្លូវឯកទិស មានទិសដៅចូលក្រុងពីផ្លូវមហាវិថីព្រះមុនីរ៉េត បត់ឆ្វេង ចូលផ្លូវលេខ២៧១ ឆ្ពោះទៅស្ពានអាកាស៧មករា ហើយអ្នកធ្វើដំណើរអាចប្រើប្រាស់ផ្លូវនេះបាន ចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤នេះតទៅ។
សេចក្តីជូនដំណឹង បញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានស្ទឹងមានជ័យនេះ បានចាប់ផ្តើមចាប់បើកសាងសង់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយមកដល់ពេលនេះសមទ្ធិផល សម្រេចបាន៩៥ភាគរយ និងគ្រោងសម្ភោធ ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នេះ៕
មតិយោបល់