ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យ ចុះដុះក្អែលអ្នកទម្លាប់យកសំរាម ទៅបោះចោល លើផ្លូវ២៧១

ភ្នំពេញ: មន្ត្រីមានសមត្ថកិច្ច សង្កាត់ស្ទឹងមានជ័យ បានចុះធ្វើការផាកពិន័យ ចំពោះអ្នកយកសំរាម ទៅបោះចោលនៅលើផ្លូវសាធារណៈ ត្រង់ចំណុចផ្លូវ២៧១ ជិតស្តុបស្ពានម័ល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាថ្ងៃទី២២ មេសា ២០១៦ នេះ។

មន្ត្រីប៉ូលិស ចុះអន្តរាគមន៍ បានប្រាប់ Post News ថា វាជាទង្វើខ្វះអនាម័យ និងសីលធម៌ បង្កឱ្យបាត់បង់សោភណ្ឌភាពទីក្រុង និងសុខភាពសាធារណជន ដែលកំពុងរស់នៅក្បែរ និងឆ្លងកាត់ជុំវិញតំបន់នេះ។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញ បានលើកឡើង អំពីបំរាមក្នុងការទុកដាក់សម្រាម ឱ្យដឹងថា របៀបទុកដាក់សំអាត និងចាក់សំរាម ត្រូវទុកដាក់សំរាមនៅក្នុងធុង, កញ្ឆេ ឬក្នុងថង់ប្លាស្ទិក, ត្រូវចងមាត់ថង់សំរាមឱ្យជិត និងទុកដាក់ឱ្យបានត្រឹមត្រូវ, ត្រូវសំអាតមុខផ្ទះ មុខទីតាំង កន្លែងទុកដាក់សំរាម និងមាត់លូមុខផ្ទះ ជាប្រចាំ។

កន្លែងចាក់សំរាម ចំពោះផ្ទះតាមផ្លូវធំ សំរាមដែលវេចខ្ចប់ហើយ ត្រូវដាក់មុខផ្ទះរៀងខ្លួន, បើផ្ទះនៅតាមច្រកផ្លូវតូច ឬច្រករបៀង រថយន្តចូលមិនដល់ ត្រូវដាកសំរាមនៅមុខផ្ទះ ឬមុខជណ្តើរ ដើម្បីឱ្យរទះអូសសំរាម ចូលទៅយក យ៉ាងងាយស្រួល។ ចំណែកពេលវេលាចាក់សំរាម លោកបូលីសជំនាញ បានបញ្ជាក់ថា សំរាមអាចបញ្ចេញ និងចាក់បាននៅថ្ងៃ ដែលបានកំណត់ ពេលរថយន្តមកដឹកប៉ុណ្ណោះ, សំរាមអាចបញ្ចេញ ឬចាក់បានតែក្នុងរយៈពេលខ្លី គឺ១ម៉ោង មុនឡានសំរាមមកប្រមូល៕

photo_2016-04-23_01-18-52 photo_2016-04-23_01-18-55 photo_2016-04-23_01-18-58 photo_2016-04-23_01-19-02 photo_2016-04-23_01-19-05 photo_2016-04-23_01-19-08

មតិយោបល់