ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍! រវាងរថយន្តសាំយ៉ុងនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត

មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង៨និង៥០នាទី ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៩៨–៩៩ លើផ្លូវជាតិ៧៦ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានករណីគ្រោះចរាចរណ៍០១ កើតឡើងរវាងរថយន្តនិងម៉ូតូ ដែលបើកបរបញ្ច្រាសទិសគ្នា ចេញពីទិសខាងត្បូងទៅទិសខាងកើត ។

ចំពោះរថយន្ត សាំយ៉ុង ពណ៌លឿង ចេញពីទិសខាងកើតទៅទិសខាងត្បូង បានគេចខ្លួនចេញពីកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តឈ្មោះ ផា គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសង្កាត់សុខដុម ភូមិដាះក្រមុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AV 46 83 ចំពោះអ្នកបើកបរបានគេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹ ដានី ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្លូវលំ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកបរម៉ូតូម៉ាក់វ៉េវឆ្លាម ពណ៌ខ្មៅ ពាក់ស្លាក់លេខមណ្ឌលគិរី ១A៦៣ ៨៥ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំពោះសាកសព ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងជំនាញការិយាល័យចរាចរណ៍ ខេត្តមណ្ឌលគិរី បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃ ។

ចំពោះរថយន្តបង្កហេតុ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកអូររាំងយកមករក្សាទុក នៅអធិការដ្ឋាននឹងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់