បន្ទាយមានជ័យៈ ណែមសាច់ត្រីប្រភេទវែងដែលផលិតនៅខេត្តបាត់ដំបងជាច្រើន ខ្សែរត្រូវបានសមត្តកិច្ចចម្រុះដឹកនាំដោយសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដកហូតនារសៀលថ្ងៃទី២៣សីហាឆ្នាំ២០១៦នេះ។
សមត្ថកិច្ចចំរុះដែលចុះត្រួតពិនិត្យមានលោកដុំ វណ្ឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យនគរបាលសេដ្ឋិកច្ចក្រសួង។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិយាយប្រាប់ថា ដោយអនុវត្តតាមតួនាទីភារកិច្ច ក្នុងក្របខណ្ឌ នៃកិច្ចការការពារ អ្នកប្រើប្រាស់ ទាំងលើទិដ្ឋភាព សុខភាព-សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធានាឲ្យការធ្វើពាណិជ្ជកម្ម ដំណើរការប្រកបដោយសមធម៌ កសាងទំនុកចិត្តពីអ្នកប្រើប្រាស់ហើយពិសេសដោយទទួលបានការណែនាំ និងបទបញ្ជាពីលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលមន្ត្រីរបស់សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យតែងតែចុះជាប់ជាប្រចាំក្នុងពិនិត្យនូវរាល់ការនាំចូលតាមច្រកនៃក្រុងប៉ោយប៉ែត និងការតាំងលក់នៅលើទីផ្សារតាមស្រុកក្រុងទាំង៩ដើម្បីអប់រំផ្សព្វផ្សាយណែនាំដល់អ្នកលក់ និងអ្នកប្រើប្រាស់មិនតែប៉ុណ្ណោះតែងរឹបអូសដកហូតរាល់ទំនិញទាំងឡាយណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់យកមកកំទេចចោលដោយជៀសវាងបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាននាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
លោក ស៊ាន ស៊ីណាត ប្រាប់ទៀតថា បន្ទាប់ពីចុះណែនាំការតាំងលក់រាល់ទំនិញឲ្យមានសុវត្តិភាព ក្រុមការងារបានចុុះពិនិត្យនិងដកហូតណែមសាច់ត្រី ផលិតនៅខេត្តបាត់ដំបង ហើយមកចែកចាយលក់នៅគល់ស្ពានទឹកថ្លា តាមបណ្ដោយផ្លូវជាតិលេខ០៥ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ព្រមទាំងណែនាំឲ្យអ្នកលក់ធ្វើកិច្ចសន្យានិងបញ្ឈប់ការដាក់តាំងលក់តទៅទៀត។
សូមបញ្ជាក់ផងដែរថា សារធាតុបូរ៉ាក់ ឬជាតិទឹកអន្សា ជាសារធាតុដែលហាមឃាត់ក្នុងច្បាប់ចំណីអាហារ ទោះបីជាយ៉ាងណា ក៏អ្នកផលិតនៅតែឆ្លៀតដាក់ដើម្បីឱ្យចំណីអាហាររបស់ខ្លួនមើលទៅឃើញល្អ។ ជាតិទឹកអន្សានេះ គេច្រើនដាក់លើប្រហិតសាច់គោ សាច់ប៉ាត់តេ ប្រហិតត្រី ប្រហិតសាច់មាន់ នំលត នំចាំង នំច័ក្កចាន់ គុយទាវ មីជាដើម ដើម្បីឱ្យស្វិតល្អ។ សារធាតុបូរ៉ាក់អាចធ្វើឱ្យអ្នកបរិភោគមាន អាការពុល ខ្សោយតម្រងនោម ខួរក្បាល រលាកប្រព័ន្ធរំលាយអាហារ រលាកក្រពះពោះវៀនជាដើម។ ហើយបើស្រូបយកសារធាតុ នេះកម្រិត១៥ក្រាម ចំពោះមនុស្សចាស់ និង៥ក្រាមចំពោះកូនក្មេង អាចបណ្ដាលឱ្យក្អួតឈាមស្លាប់បាន៕
មតិយោបល់