ព័ត៌មានជាតិ

រថយន្តដឹកហ្គាសមួយគ្រឿងបើកលឿន ដល់ត្រង់ចំណុចផ្លូវកោងរេចង្កូតបុកតូបលក់ដូរ បណ្តាលឲ្យក្រឡាប់របួសមនុស្ស៥នាក់

មណ្ឌលគិរី: នៅវេលាម៉ោង២២និង១៥នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅផ្លូវជាតិ៧៦ នៅចំណុចផ្ទះតាលី ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តវេអងដឹកហ្គាស បើកបរក្នុងល្បឿនលឿនដល់ត្រង់ចំណុចផ្លូវកោង រេចង្កូតជ្រុលបុកតូបលក់ដូរ បណ្តាលឲ្យក្រឡាប់ រងរបួសមនុស្ស៥នាក់ ។

ដំណើររឿងហេតុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ អ្នកបើករថយន្តបង្កហេតុ បានបើកបរក្នុងល្បឿនលឿន ។ លុះពេលមក ដល់ត្រង់ចំណុចកើតហេតុផ្លូវកោង បានរេចង្កូតបុកតូប បណ្តាលឲ្យក្រឡាប់ និងមានមនុស្សរងរបួស ។ ភ្លាមៗនោះតៃកុងរថយន្ត មិនដឹងលោតចេញ ឬក៏កៀបជាប់នៅក្នុងរថយន្ត ដោយសារតែផ្ទះបាំងជិត មើលរថយន្តពុំចង់ឃើញផង មេឃភ្លៀងហើយងងឹតទៀត ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅដល់ បានស្រែកហៅតៃកុងក៏មិនឮឆ្លើយ ដើរកក៏ពុំឃើញ ។ រថយន្តបង្កហេតុម៉ាក វេអង ពាក់ស្លាកលេខភ្នំពេញ 3E .4191។ ចំណែកម្ចាស់តូបមានឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល ។ មានប្រពន្ធឈ្មោះ សម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រងរបួសស្រាល ។ រីឯម្ចាស់តូបឈ្មោះ ខាំ សុភាព ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល ។ មានប្អូនរស់នៅជាមួយ២នាក់៖ ១-ឈ្មោះ ខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល និងឈ្មោះ ហ៊ុន មូលីកា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។

បច្ចុប្បន្នជនរងគ្រោះ បានសម្រាកនៅផ្ទះរបស់ខ្លួន ចំណែកឯរថយន្តបង្កហេតុនៅនឹងកន្លែងកើតហេតុ ហើយមានកម្លាំងសមត្ថកិច្ច បានដេកយាមនៅទីនោះ ដោយសារតែយប់ងងឹតខ្លាំងពេក រង់ចាំព្រឹកឡើង សមត្ថកិច្ចនឹងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់