ព័ត៌មានជាតិ

អាណោចអាធ័មណាស់! កុមារាម្នាក់ចុះងូតទឹកលេងតែម្នាក់ឯង បណ្តាលឲ្យលង់ទឹកប្រឡាយស្លាប់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កុមារាអាយុ០៣ឆ្នាំម្នាក់ បានស្លាប់ ខណ:ចុះងូតទឹកប្រឡាយលេង ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចប្រឡាយទឹកខាងកើតភូមិតាវង (ពន្សៃបេង) ចម្ងាយប្រហែល១៥ម៉ែត្រ ស្ថិតភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ រ៉េត វិសិទ្ធ ភេទប្រុស អាយុ០៣ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

មុនពេលស្លាប់កុមារារងគ្រោះ បានដើរលេងហើយបានចុះងូតទឹកលេងតែម្នាក់ឯង ពុំមានមនុស្សចាស់នៅក្បែរ ក្រោយពីបាត់ក្មេងក៏នាំគ្នាដើររកប្រទះឃើញស្នាមជើងដើរចុះទឹកប្រឡាយ ពេលនាំគ្នាចុះរាវរកក៏ប្រះឃើញក្មេងស្លាប់ នៅក្នុងទឹកប្រឡាយបាត់ទៅហើយ នេះបើតាមការបំភ្លឺពីឈ្មោះ គ្រី ការ៉ូ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវជាជីតាក្មេងរងគ្រោះនៅភូមិតាវង ឃុំពន្លៃ ។

នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីករណីក្មេងលង់ទឹកស្លាប់ បានបង្កើតគណ:កម្មាការត្រួតពិនិត្យសព ដែលមានសមាសភាពនគរបាលជំនាញព្រហ្មទណ្ឌស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ អាជ្ញាធរឃុំ ភូមិនិងមន្ត្រីសុខាភិបាលឃុំ បានចុះទៅពិនិត្យទៅលើខ្លួនសព ឃើញថាពុំមានអ្វីទាក់ទិនក្នុងករណីឃាតកម្មនោះឡើយ កុមារារងគ្រោះគឺពិតជាស្លាប់ដោយសារតែលង់ទឹក ។ ក្រោយពីពិនិត្យរួចបានប្រគល់សពជូន ឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ទាក់ទិននឹងករណីខាងលើនេះ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះនេះជារដូវវស្សាទឹកជំនន់ បើសិនមានការធ្វេសប្រហែសវានឹងបាត់បង់ មនុស្សជាទីស្រឡាញ់តែមួយពព្រិចភ្នែកប៉ុណ្ណោះ ៕

មតិយោបល់