ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងបន្តស្រាវជ្រាវករណីផ្ទុះអាវុធ បណ្ដាលឲ្យមានមនុស្សស្លាប់ ដែលបង្កដោយមនុស្ស ១ក្រុម មានគ្នា ៦នាក់

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២និង៥០នាទី រំលងអាធ្រាត្រ នៅចំណុច មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយមនុស្ស១ក្រុមមានគ្នា ៦នាក់ ជនជាតិខ្មែរ១នាក់ជាអ្នកបើកបររថយន្ត និងជនជាតិចិន ៥នាក់ជាមិត្តភក្ត្រគ្នាទើបស្គាល់គ្នា។

តាមការបំភ្លឺអ្នកឃើញហេតុការណ៍បំភ្លឺថា៖ នៅវេលាខាងលើជនរងគ្រោះ និងជនសង្ស័យបានជិះរថយន្តជាមួយគ្នា មកពីផឹកស៊ីមកដល់ចំណុចខាងលើ ក៏បង្កជំលោះគ្នាដោយជនសង្ស័យទាំង៣ បានធ្វើសកម្មភាពយកអាវុធខ្លី និងកាំបិតគំរាមជនរងគ្រោះទាំង ៣នាក់។ ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្តស្រែកឲ្យគេជួយ ស្រាប់តែជនសង្ស័យ ៣នាក់ ដែលជិះខាងក្រោយចាប់គ្រៀកជនរងគ្រោះ ១នាក់ បានប្រតាយប្រតប់គ្នាជនរងគ្រោះ ត្រូវបានជនសង្ស័យចាក់ ១កាំបិតចំពោះ និងខំរុញទ្វារថយន្តលោតចេញក្រៅ ក៏ត្រូវជនសង្ស័យបាញ់ ១គ្រាប់ចំក្បាលស្លាប់ក្បែររថយន្ត។ ចំណែកជនរងគ្រោះ ១នាក់ ទៀតដែលជិះខាងមុខ ត្រូវបានក្រុមជនសង្ស័យ ៣នាក់ចាប់ខ្លួនយកទៅ រួមជាមួយរថយន្តរបស់ជនរងគ្រោះ ជាមធ្យោបាយរត់គេចខ្លួនបាត់ផងដែរ។

ភ្លាមនោះ កម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មាន បានជិះដេញប្រកិតតាមរថយន្តដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅ វិញទៅមក ជាច្រើនគ្រាប់ជាមួយកម្លាំងសមត្ថកិច្ចយើង តែមិនបណ្តាលកម្លាំងសមត្ថកិច្ចយើងបន្តការដេញតាមដោយមានការបន្ថែមកម្លាំងជំនាញពីស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញតាម រហូតដល់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុង ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបរថយន្តរបស់ជនសង្ស័យបើកបរដោយល្បឿនលឿនបានបើករេ ចង្កូតធ្លាក់ផ្លូវ បុកបង្គោលភ្លើងថ្ម ខណ:នោះកម្លាំងសមត្ថកិច្ចយើងចូលទៅព័ទ្ធរថយន្ត បង្កមានការផ្ទុះអាវុធជាច្រើនគ្រាប់ហើយរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន(ដោយគាត់បានលូនចេញពីក្នុងរថយន្តមកលើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះ និងឃាត់ជនសង្ស័យបានចំនួន ៣នាក់។ ដោយជនរងគ្រោះនិងជនសង្ស័យរបួសធ្ងន់ធ្ងរ កម្លាំងយើងបានបញ្ជូនជនរងគ្រោះ១នាក់និងជនសង្ស័យ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកជនសង្ស័យ ២នាក់ទៀតបានស្លាប់នឹងកន្លែង រីឯជនសង្ស័យ ១នាក់ដែលបញ្ជូនទៅមន្ទីរពេទ្យ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ជនរងគ្រោះ មានចំនួន ៣នាក់៖ ជនជាតិ ខ្មែរ១នាក់ ប្រុស (ជាអ្នកបើកបរ), ជនជាតិចិន២នាក់ ប្រុស (ស្លាប់នៅកន្លែងកើតហេតុ១នាក់ និងរបួសធ្ងន់១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។ ជនសង្ស័យ មានចំនួន ៣នាក់ ជាជនជាតិចិន ស្លាប់ទាំង៣នាក់៖ ស្លាប់ ចំនួន២នាក់ (នៅកន្លែងកើតហេតុពេលរត់គេចខ្លួន)។ ស្លាប់ ចំនួន១នាក់ (ពេលបញ្ជូនពីកន្លែងកើតហេតុ ពេលរត់គេចខ្លួនទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។

សមត្ថកិច្ចដកហូតវត្ថុតាង៖ អាវុធខ្លី០១ដើម ម៉ាកCF98 ពណ៌ខ្មៅ (មានបញ្ចូលគ្រាប់ ប្រភេទ 9mm ០១គ្រាប់ ក្នុងកាណុង), បង់អាវុធខ្លី០១ មានគ្រាប់ ប្រភេទ9mm០៥គ្រាប់, រើសបានគ្រាប់9mmក្នុងរថយន្ត ចំនួន១គ្រាប់, សំបកកាទុស ប្រភេទ 9mm ចំនួន០៧គ្រាប់ (បន្សល់ទុកកន្លែងកើតហេតុ មុខសណ្ឋាគារ ៥២០ចំនួន១គ្រាប់និងបន្សល់ទុកកន្លែងក្នុងរថយន្តចំនួន៦គ្រាប់), ខ្នោះដៃ ០២គូ (នៅជាប់ដៃជនរងគ្រោះ១គូ), កាំប៉ិតស្នៀត ០២ដើម, កាបូបដៃកៀបក្លៀក០១ ពណ៌ប្រផេះ, លិខិតឆ្លងដែន ០២ក្បាល ( ឈ្មោះ HUANG MIN និងឈ្មោះ FENG QIANG ), អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ០១សន្លឹក (ឈ្មោះ FENG QIANG ), កាតធនាគារ ០៥សន្លឹក, ស្លាកលេខរថយន្ត ០១គូ (ព្រះសីហនុ 2A-6145), កាបូបស្ពាយពីក្រោយចំនួន ០១ ពណ៌ប្រផេះ ក្នុងនោះមាន៖ ១-គ្រាប់អាវុធខ្លី ប្រភេទ 9mm ចំនួន ០៧គ្រាប់(ខ្ចប់ក្នុងថង់ផ្លាស់ស្ទិក), ២-ខ្សែរិត (ស៊ីល) មួយចំនួនធំ, ៣-ខ្សែពួរលីឡុង០១ខ្សែ, ៤-ស្កុតថ្លា០១ដុំ, ៥-កន្សែងដៃហែកជាជំរាក់ៗចំនួន០៧បន្ទះ(សម្រាប់ចុកក្នុងមាត់ជនរងគ្រោះ), ៦-ទួឡឺវីស០១, ៧-ខ្នោះដៃ ០១គូ(សរុបទាំងអស់៣គូ នៅជាប់ដៃជនរងគ្រោះ១គូ),៨-សោរខ្នោះដៃ០២, ៩-ស្រោមខ្នោះ ០៣។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តការស្រាវជ្រាវ ៕

មតិយោបល់