ភ្នំពេញៈ ក្នុងចំណោមតារាចម្រៀង និងតារាសម្ដែងល្បីឈ្មោះ២៤រូប ដែលត្រៀមខ្លួនដើរលើកម្រាលព្រំដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅថ្ងៃទី១៧ ខែកញ្ញា របស់សាលាន័រតុនខាងមុខ។ តារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ ក៏ត្រូវបានជ្រើសជាតារាម្នាក់ឲ្យមានមុខចូលរួមក្នុងកម្មវិធីសប្បុរសធម៌ដ៏ធំនោះផងដែរ។ ក្នុងឱកាសក្លាយជាតារាមួយរូបក្នុងគម្រោងរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាលើកនេះ លោកបានចេញមុខអំពាវនាវដោយបើកចំហរតែម្ដង ដោយសុំឲ្យមហាជនធ្វើការបរិច្ចាគក្នុងម្នាក់១ដុល្លារនៅទូទាំងប្រទេស ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយដល់កុមារក្រីក្រកម្ពុជា។
លោក សន វិជ្ជបុត្រ បាននិយាយថា ជារឿងសប្បាយចិត្តណាស់ដែលលោកបានក្លាយជាតារាមួយរូបសម្រាប់ព្រឹត្តិការណ៍រ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលគ្រោងរៀបចំនៅបរិវេណសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។ លោកថា ខ្លួនមានបទចម្រៀងចំនួន២បទ សម្រាប់ច្រៀងនៅក្នុងកម្មវិធីនោះ ប៉ុន្តែអ្វីដែលលោកចង់បានលើពីការចូលរួម គឺចង់ឲ្យមានកម្លាំងសាមគ្គីធំមួយចូលរួមបរិច្ចាគឲ្យបានម្នាក់១ដុល្លារជាទៀងទាត់រាល់ខែ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យបានទូទាំងប្រទេស។
លោកនិយាយថា «តាមរយៈកម្មវិធីសប្បុរសធម៌ទ្រង់ទ្រាយធំនៅថ្ងៃទី១៧ កញ្ញា ហ្នឹង ខ្ញុំសុំអំពាវនាវឲ្យម្នាក់ចូលតែ១ដុល្លារបានហើយ ហើយមិនមែនចូលតែកម្មវិធីប្រារព្ធធ្វើទេ គឺចូលទាំងអស់គ្នាទាំង១៥លាននាក់តែម្ដង អានឹងទើបខ្ញុំថា បញ្ហារបស់មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបញ្ចប់!»។ លោកថា ថវិកា១ដុល្លារ ត្បិតថា មានគ្រួសារខ្លះពិបាកបរិច្ចាគ ប៉ុន្តែឲ្យតែបាន១ដុល្លារត្រឹមពាក់កណ្ដាលនៅទូទាំងប្រទេស ហើយឲ្យតែបានគ្រប់ខែក៏បាន៧ ទៅ៨លានដុល្លារដែរ សម្រាប់ទ្រទ្រង់ពេទ្យ។
ជាមួយគ្នានេះ លោកក៏អំពាវនាវឲ្យពលរដ្ឋមានការយកចិត្តទុកដាក់ និងលះបង់មួយចំណែកតូចម្នាក់ឲ្យបានព្រមគ្នាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសារចំនួននេះ គឺត្បិតថា តិច ប៉ុន្តែឲ្យតែបានទាំងអស់គ្នានៅទូទាំងប្រទេស គឺច្រើនមិនធ្លាប់មាន។ លោកមិនរំពឹងទេថា ចលនាបរិច្ចាគក្នុងម្នាក់១ដុល្លារឲ្យបានទាំងអស់នៅទូទាំងប្រទេស នឹងអាចកើតឡើងដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យ ដែលមានមានតួនាទីសង្គ្រោះកុមារក្រីក្រដ៏ធំរបស់កម្ពុជា។ ប៉ុន្តែលោកថា ហោចណាស់ក៏មានន័យពញាក់អារម្មណ៍ឲ្យស្រទាប់មហាជន ស្គាល់ពីតម្លៃនៃការចូលរួម និងការលះបង់ដើម្បីមនុស្សធម៌ផងដែរ។
នេះជាការប្រកាសមួយដែលគេកត់សម្គាល់ថា ពលរដ្ឋភាគច្រើននឹងអាចធ្វើបាន ហើយក៏ជាការអំពាវនាវមួយដែលមានលក្ខណៈខុសប្លែក ពីការអំពាវនាវរបស់តារាភាគច្រើន។ លោកថា សកម្មភាពច្រៀងរាំរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាន់តែច្រើន គឺកាន់តែល្អ ប៉ុន្តែបើចង់ឲ្យវាមាននិរន្តរភាពរបស់មន្ទីរពេទ្យនេះ មានភាពរឹងមាំ និងមិនភ័យរឿងបិទទ្វារ គឺគ្មានអ្វីក្រៅពីពលរដ្ឋកម្ពុជា ទាំង១៥លាននាក់ ចូលរួមបរិច្ចាគឲ្យបានស្មើដៃក្នុងមួយខែ១ដុល្លារឲ្យបានគ្រប់គ្នានោះទេ។
គួរបញ្ជាក់ថា លោក សន វិជ្ជបុត្រ គឺជាតារាម្នាក់ ដែលមានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌របស់សាលាន័រតុន ក្រោមការរៀបចំវេទិកាសិល្បៈដោយស្ថាបនិករបស់ Group «គ្រួសារតារាសិល្បៈ» នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។ ព្រឹត្តិការណ៍នេះ ក្រៅពីមានការប្រគំតន្ត្រី និងតម្រូវឲ្យតារាដើរលើកម្រាលព្រំ ក្រោមវត្តមានអ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងមហាជនជនយ៉ាងច្រើនកុះករចូលទស្សនា ក៏មានវេទិកាតាំងពិព័រណ៌រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ កញ្ញា ពីម៉ោង៨ព្រឹកផងដែរ។ សូមទំនាក់ទំនងទិញស្ដង់ ដើម្បីឲ្យកម្មវិធីទទួលបានថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈលេខ 070 27 85 85៕
មតិយោបល់