ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក Dato’ Sri Hasan Malek ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការ និងសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។
នាយកដ្ឋានព័ត៌មានព្រឹទ្ធសភាបានឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះថា “សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរ និងស្វាគមន៍ ចំពោះលោក Dato’ Sri Hasan Malek ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា”។ តាមរយៈកិច្ចសវនាការនេះ សម្តេចប្រធានមានជំនឿជឿជាក់ថា បេសកកម្មការទូតនាពេលនេះ នឹងរួមចំណែកពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងមានផលប្រយោជន៍ទៅវិញទៅមក។
សម្តេចវិបុលសេនាភក្តី បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តជាខ្លាំង ដោយបានមើលឃើញពីការរីកចម្រើន ប្រកបដោយលទ្ធផលជាផ្លែផ្កា នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី។ ក្នុងនោះថ្នាក់ដឹកនាំ រដ្ឋាភិបាលប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងមានការផ្លាស់ប្តូរខាងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍រវាងប្រទេសយើងទាំងពីរ មានការកើនឡើងនៅឆ្នាំ២០១៥។
សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា តាមរយៈការទទួលពលករកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានសំណូមពរលោកឯកអគ្គរាជទូតឲ្យអាជ្ញាធរម៉ាឡេស៊ី ជួយការពារពលករកម្ពុជា ដែលកំពុងរស់នៅ និងបំពេញការងារស្របច្បាប់ ក្នុងប្រទេសម៉ាឡេស៊ី និងបន្តផ្តល់អាហារូបករណ៍ ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា។ សម្តេចក៏បានស្នើសុំឲ្យជួយជំរុញផ្សព្វផ្សាយ អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាដល់វិនិយោគិន និងភ្ញៀវទេសចរម៉ាឡេស៊ី មកវិនិយោគទុន និងទស្សនានៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។
នាយកដ្ឋានព័ត៌មានបានឲ្យដឹងទៀតថា លោកឯកអគ្គរាជទូត បានវាយតម្លៃពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។ នៅឆ្នាំក្រោយនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ហើយនៅពេលនោះលោកសង្ឃឹមថា តំណាងនៃប្រទេសនានា នៅក្នុងតំបន់ និងលើពិភពលោក នឹងមកចូលរួមប្រជុំនៅកម្ពុជា ក្នុងនោះនឹងមានវត្តមាន លោកនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីផងដែរ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា អរគុណចំពោះការអញ្ជើញនេះ ហើយសម្តេចនឹងរកពេលវេលាណាមួយសមស្រប ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូជាមួយគ្នានាពេលខាងមុខនេះ៕
មតិយោបល់