ព័ត៌មានជាតិ

ខ្ចីម៉ូតូមិត្តភ័ក្ត្រជិះទៅលេងបងប្អូន បែរជាយកទៅបញ្ចាំយកលុយចាយ និងទិញសារធាតុញៀនប្រើប្រាស់ ទីបំផុតត្រូវនគរបាលចាប់ខ្លួន

បន្ទាយមានជ័យ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នគរបាលស្រុកថ្មពួក សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៦យប់ថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២ នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឈូក ងើយស្រីនិន ភេទប្រុស អាយុ៣៣ឆ្នាំ ជាមិត្តភ័ក្តិ រស់នៅភូមិ២ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង០៦យប់ថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២ ជនសង្ស័យបានខ្ទីម៉ូតូរបស់ ឈួ កក្តដា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មួយគ្រឿងម៉ាកហុងដាឌ្រីម c125ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ1P-7642 ជិះទៅលេងបងប្អូនមួយថ្ងៃ បន្ទាប់មកស្រាប់តែមិនឃើញ ឈូក ងើយស្រីនិន យកម៉ូតូមកឲ្យម្ចាស់វិញ ។

នគរបាលបានបញ្ជាក់ថា៖ បន្ទាប់មកម្ចាស់ម៉ូតូបានខលសួរ តែ ឈូក ងើយស្រីនិន សន្យាពន្យាពេលថ្ងៃនេះ ថ្ងៃនោះ ព្រោះតែជឿទុកចិត្តមិត្តភ័ក្ត្រ មិនបានដាក់ពាក្យបណ្តឹងនោះទេ ។ ដោយការនិយាយកុហកច្រើនដងពេក ម្ចាស់ម៉ូតូបានស្រាវជ្រាវនិងរកឃើញ ជនសង្ស័យ គេចខ្លួនទៅរស់នៅក្រុងប៉ោយប៉ែត ហើយក៏បានសួរនាំរកម៉ូតូ ទើបដឹងថាម៉ូតូនោះគេយកទៅបញ្ចាំយកលុយចាយខ្ទេច នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រោយដឹងថាមិត្តភ័ក្ត្ររបស់ខ្លួនស៊ីដាច់ម៉ូតូរបស់ខ្លួន ទើបម្ចាស់ម៉ូតូប្តឹងរាយការណ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ពេលនោះកម្លាំងនគរបាលជំនាញស្រុកថ្មពួក សហការជាមួយកម្លាំងនគរបាលជំនាញ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ជនសង្ស័យមកសួរនាំ ។

នគរបាលស្រុកថ្មពួក បានបន្ថែមទៀតថា៖ ជនសង្ស័យឈ្មោះ ឈូក ងើយស្រីនិន បានសារភាពថា៖ ខ្លួនពិតជាមានចេតនាបានយកម៉ូតូមិត្តភ័ក្ត្ររបស់ខ្លួននោះទៅបញ្ចាំ នៅក្លឹបថេកដោន បានប្រាក់ចំនួន១០០០០បាត (មួយម៉ឺនបាត) ហើយយកលុយ ផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀនអស់។ ជនសង្ស័យ ក្រោយពីទទួលបានចម្លើយសារភាព ត្រូវបានកម្លាំងនគរបាលជំនាញ អធិការដ្ឋាននគរបាលស្រុកថ្មពួក រៀប​ចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់មានចំណាត់ការនៅឡើងនោះទេ ព្រោះលិខិតបញ្ចាំត្រូវជនសង្ស័យធ្វើជ្រុះបាត់ ៕

មតិយោបល់