ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ១៤ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត​ ឃាត់ខ្លួន នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅក្នុងក្រុងប៉ោយប៉ែត ។

​លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថ ក្រុងសិរីសោភ័​ណ​ បានឱ្យដឹងថា៖​ នៅវេលាម៉ោង ០១ និង ៥០ នាទីយប់ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ​ ចាន់ធី វិសា ហៅ​ បឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២-ឈ្មោះ​ កែវ ចាន់ជូ​ ហៅ​ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ហុងដាស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ​ 1A​ 6872 ចំនួន០១គ្រឿង របស់ឈ្មោះ​ ម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីបានធ្វើសកម្មភាពលួចបានសម្រេច ក្រុមជនសង្ស័យទាំង០២នាក់នេះ បានជិះម៉ូតូគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០៨យប់ថ្ងៃទី២១ ខែតុលា បានចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់គេតាមទាន់ ទើបជនសង្ស័យទាំងពីររត់ចោលម៉ូតូខាងលើ ។

លុះដល់វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យទាំង០២នាក់ បានបន្តធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-8683 ចំនួន០១គ្រឿង របស់ឈ្មោះ​ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដោយពួកគេបានយកជើងធាក់ករម៉ូតូរួច ជិះធ្វើដំណើរមកក្រុងសិរីសោភ័ណ ក៏ត្រូវបានសមត្ថកិច្ចក្រុងសិរីសោភ័ណឃាត់ខ្លួនតែម្តង ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានបញ្ជាក់ថា​៖ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ កម្លាំងអាវុធហត្ថ​ ដកហូតវត្ថុតាងម៉ូតូ២គ្រឿង​ ១.ម៉ូតូម៉ាកហុងដា​ ស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨​ ពាក់ស្លាកលេខ​ 1A​ 6872​ ។ ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ​ 1W 8683 ចំនួន០១គ្រឿង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយ​សារភាពរបស់ ជនសង្ស័យទាំង២នាក់ព្រមទាំងដកហូតបានវត្ថុតាង​ជាក់ស្តែង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនីតិវិធី ។​ ចំណែកវត្ថុតាងម៉ូតូ​ ត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញហើយ ៕

មតិយោបល់