ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូវ៉ាជែង ជ្រុលទៅបុករថយន្តដឹកដី បណ្តាលឲ្យរងរបួសបាក់ភ្លៅម្នាក់ និងម្នាក់ទៀតរបួសស្រាល

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ១៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មនុស្ស០១នាក់រងរបួសធ្ងន់និង០១នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយរថយន្តដឹកដី ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង០៥នាទី រសៀល លើផ្លូវជាតិលេខ ៥៨ A ត្រង់ចំណុចអូរកុងសេង ជាប់ព្រំប្រទល់ភូមិចំការគ និងភូមិល្បើកសា្វយ (ដំណាក់កកោះ) ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្តដឹកដី០១គ្រឿង អ្នកបើកបរត្រូវបានគេស្គាល់ ឈ្មោះ រិន វីរៈ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រះលាន ឃុំចន្លៃដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកក្នុងទិសដៅពីជើងទៅត្បូង ហើយរថយន្តបានបត់ឆ្វេង ស្របពេលនោះ មានម៉ូតូ០១គ្រឿងម៉ាក អិចសង់ទ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ 1V-5232 បន្ទាយមានជ័យ បើកបរដោយឈ្មោះ សារឿន មីណាក់ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិរោងម៉ាស៊ីន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានឌុបមនុស្ស០១នាក់ពីក្រោយ ឈ្មោះ សារឿន ខេមរ៉ា អាយុ ២១ ឆ្នាំ ត្រូវជាប្អូន បានបើកបំរ៉ុងវ៉ាជែងរថយន្តដឹកដី ពេលនោះអ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន មិនបានមើលឧបស័គ្គខាងក្រោយ ហើយបត់ឆ្វេង ពេលនោះម៉ូតូកំពុងបើកលឿនស្របទិសគ្នា​ បានបុករថយន្តពេញទំហឹង បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកម៉ូតូរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកប្អូនជិះក្រោយរបួសស្រាល ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ។

នគរបាលបានបញ្ជាក់ថា៖ ក្រោយពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ មូល​ហេតុ អ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន និងម៉ូតូបើកបរក្នុងល្បឿនលឿន ។
វត្ថុតាងនគរបាលជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ក្រោយពីធ្វើការវាស់វែងរួច ៕

មតិយោបល់