ព័ត៌មានជាតិ

ប្លន់យកម៉ូតូបានមួយសប្តាហ៍ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿង ហើយគេចខ្លួនបានជាងមួយសប្តាហ៍ ក៏ត្រូវសម្ថកិច្ចឃាត់ខ្លួនបានតែម្តង ព្រមទាំងដកហូតបានកាំបិតមុខស្រួចមួយដើមផងដែរ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបានកាលពីរាត្រីម៉ោង១១និង៥០នាទីថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ នៅលើបណ្តោយផ្លូវមុន្នីរ៉េត កែងផ្លូវ២១៧ ក្រុម១៩ ភូមិ១០ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះ ពៅ យក្ស ហៅ ខ្វាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិ ឃុំប្រយ៉ាប ស្រុកខេត្តស្វាយរៀង។

ជនសង្ស័យនេះបានធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿងម៉ាកស្មាស ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CH-8396 បានសម្រេច ពីជនរងគ្រោះឈ្មោះ អៀន វ៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅ ផ្លះលេខ៩៥ ផ្លូវ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លូនជនសង្ស័យ ប៉ូលិសដកហូតបានម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង កាបូបលុយ និងកាំបិតមុខស្រួចមួយដើម។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅរាត្រីថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ កន្លងមកនេះជនរងគ្រោះបានផឹកស៊ីនៅក្នុងហាងមិត្តភក្តិមួយនៅម្តុំផ្សារទួលទំពួង រហូតស្រវឹងធ្លាក់ភ្នែក។ នៅពេលស្រវឹងហើយ នៅម៉ោងប្រមាណ១១យប់ជនរងគ្រោះក៏បានជិះម៉ូតូក្នុងគោលបំណងត្រឡប់មកផ្ទះវិញ។ លុះជិះមកដល់ផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ជនរងគ្រោះក៏បានលើកទូរស័ព្ទនិយាយជាមួយមិត្តភក្តិ ទើបជនសង្ស័យមានឱកាសគំរាមប្លន់យកម៉ូតូជិះគេចខ្លួនបាត់តែម្តង។ លុះមកដល់រាត្រីថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ វេលាម៉ោង១១និង៥០នាទី ក្រោយពីកំណត់មុខសញ្ញាបាន និងនៅពេលឃើញជនសង្ស័យនៅលើបណ្តោយផ្លូវមុន្នីរ៉េត កែងផ្លូវ២១៧ ក្រុម១៩ ភូមិ១០ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក ព្យាយាមឡើងម៉ូតូឌុបគេចខ្លួន ទើបប៉ូលិសឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-08-25_16-21-17

photo_2016-08-25_16-21-19

មតិយោបល់