ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះលោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង នាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិន មកធ្វើកាមារបើកសវនាការជាសាធារណៈ។
ជនជាប់ចោទឈ្មោះ ពៅ ចិន្ថា ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវបានលោក តុប ឈុនឡុង តំណាងអយ្យការចោទប្រកាន់ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តកាលពីឡុងឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោមមាត្រា១១នៃច្បាប់ស្តីពី ការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ពៅ ចិន្ថា បានច្រានចោលគ្រប់ចម្លើយរបស់ខ្លួនកន្លងមក និងបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
លោកស្រី វ៉ែន សុខ ជាម្តាយជនរងគ្រោះថ្លែងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនជនជាប់ចោទបានជួបលោកស្រីនៅខេត្តកំពង់ចាមនៅពេលជនជាប់ចោទៅបុណ្យសពយាយ រួចបានជួបគ្នានិយាយរឿងជួយកូនស្រីខ្លួនទៅធ្វើការនៅប្រទេសចិន។ ដើមបណ្តឹងរដ្ឋប្បវេណីដដែលបានបន្តថា ជនជាប់ចោទបានសន្យាថា នឹងឲ្យកូនស្រីឈ្មោះ ជា គន្ធា ដែលមានប្តីនៅស្រុកចិន ជួយរកការងារឲ្យជនរងគ្រោះធ្វើនៅស្រុកចិនបានប្រាក់ខែប្រមាណពី ២០០០ទៅ៣០០០យ័នក្នុងមួយខែ។
ក្រោយការព្រមព្រៀមគ្នារួចរាល់ជនជាប់ចោទបានរត់ការធ្វើឯកសារឆ្លងដែន និងឯកសារផ្សេងៗរហូតជនរងគ្រោះបានចេញទៅប្រទេសចិននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។ នៅពេលទៅដល់ស្រុកចិនឈ្មោះ ជា គន្ធា បានយកជនរងគ្រោះទៅលក់ឲ្យជនជាតិម្នាក់ធ្វើប្រពន្ធបាន៦ខែ ក៏យកមកជនរងគ្រោះទៅរំលូតកូន និងលក់ឲ្យជនជាតិចិនដទៃទៀត ប៉ុន្តែក្រោយមកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយរហូតបានត្រឡប់មកស្រុកខ្មែរវិញ។
លោកស្រីបន្តថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ លោកស្រីបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ទើបសមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទបាន។ ម្តាយជនរងគ្រោះបានប្តឹងទាមទារជំងឺចិត្តចំនួន១ម៉ឺនដុល្លារពីជនជាប់ចោទ។
សំណុំរឿងនេះតុលាការនឹងធ្វើការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ៕
https://youtu.be/dsmzOnO4jLc
មតិយោបល់