ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២១និង០០នាទី មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៥និង០០នាទីព្រឹក ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ មានជនសង្ស័យ០២ នាក់ បានជិះរថយន្ត ០១គ្រឿង ម៉ាកPRIUS ពណ៌ខ្មៅ ចំនួន០២នាក់ ប្រដាប់ដោយអាវុធខ្លី ០១ ដើម បានហៅឡានស្ទូចមកលួចស្ទូចឡាន របស់គាត់ ០១ គ្រឿង ម៉ាក DODGE CHALLENGER ពណ៌ខ្មៅ (បច្ចុប្បន្ននេះបិតពណ៌ស) ពាក់ស្លាកលេខ កម្ពុជា HEAXING5 ដែលគាត់បានចតទុកនៅមុខផ្ទះ ដោយសាររថយន្តនេះខូតផ្នែកខាងមុខ ដោយការបុកប៉ះ (គ្រោះថ្នាក់ចរាចរណ៍) ដើម្បីរង់ចាំគ្រឿងបន្លាស់ផ្លាស់ប្ដូរ ។
ក្រោយទទួលបានព័ត៌មាន ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តដាក់ ឈានទៅឃាត់បានតៃកុងឡានស្ទូច ចំនួន០២ នាក់ រួចក៏បន្ដសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិកស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ និងម្ចាស់ការ៉ាសឡាន ០១នាក់ យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរនាំតាមនីតិវិធីជំនាញ ៕
មតិយោបល់