ព័ត៌មានជាតិ

នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនយុវជនម្នាក់យកទៅសាកសួរបន្តសង្ស័យថាជាអ្នកចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់

រាជធានីភំ្នពេញ : នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនយុវជនម្នាក់ យកមកសាកសួរបន្តនៅនាយកដ្ឋាននគរបាលការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សង្ស័យថា ជាអ្នកចែកចាយសម្ភារ:អាសអាភាសដោយខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមការបញ្ជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកជំទាវឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយ លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងលោក ផន សុធារិទ្ធ ជាក្រឡាបញ្ជីអមផង បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍រដ្ឋាបាលនគរបាលទឹកល្អក់ទី១ និងលោកមេភូមិ១៣ បានចុះធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតក្នុងផ្ទះលេខ១០៥អឺ១ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណី លក់សម្ភារ:អាសអាភាស ជាច្រើនប្រភេទដោយខុសច្បាប់។
ក្នុងប្រតិបត្តិការណ៍នោះផងដែរ ក៏មានការឃាត់ខ្លួនយុវជនម្នាក់ ដែលសង្ស័យថា ជាអ្នកចែកចាយសម្ភារ:អាសអាភាសដោយខុសច្បាប់ទាំងនោះ យកទៅធ្វើការសាកសួរបន្តនៅនាយកដ្ឋាននគរបាលការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ៕

 

មតិយោបល់