ព័ត៌មានជាតិ

ឪពុកម្តាយឱ្យទៅសិក្សាបែរជានាំគ្នាណាត់បើកឆាកប្រយុទ្ធយកឈ្នះចាញ់ត្រូវសមត្ថកិច្ចនាំយកមកអប់រំ…

តាកែ:ក្មេងស្រី ២ក្រុម បានណាត់បបួលគ្នាបើកឆាកប្រយុទ្ធយកឈ្នះចាញ់ នៅទីធ្លាវត្តបោក្ខ:ណារ៉ាម ហៅវត្តភ្នំដិនខាងជើង ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ចុះស្រាវជ្រាវនាំយុវតី ទាំង២ក្រុម ជាក្មេងស្រីទាំងនោះមកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូវាយប្រតាយប្រតប់គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គម ហ្វេសប៊ុក (FB) ។
ក្រោយទទួលបានព័ត៌មានថា មានករណីក្មេងស្រីៗវាយតបគ្នាខាងលើ កើតឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ទោ យ៉ាង តារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន បានចុះស្រាវជ្រាវករណីខាងលើ រហូតឈានដល់កំណត់បានក្រុមក្មេងស្រីៗដែលបានវាយតបគ្នា ហើយបានធ្វើការនាំខ្លួនក្រុមក្មេងស្រីៗ២ក្រុមខាងលើ ដើម្បីយកមកសាកសួរបំភ្លឺ និងអប់រំណែនាំ ធ្វើកិច្ចសន្យា ហើយអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធ្វើការធានា ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕

គួរបញ្ជាក់ថា ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំបញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក ចុះបន្តអប់រំនិងណែនាំចំពោះសិស្សានុសិស្សណាបានគេចសាលាទៅជួបជុំគ្នាកន្លែងមិនសមរម្យ និងបន្តអនុវត្តន៍ជាប្រចាំ ៕

មតិយោបល់