ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សូ អេនណា មិនយកសិល្បៈជាន់ឈ្លី

តារាម៉ូដែលមានរូបសម្រស់ទាក់ទាញ និងលេចធ្លោនៅក្នុងក្រុម Sun Super Modle​ គឺ កញ្ញា សូ អេនណា​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់ និង​មាន​ការលេចឮថា តារារូបនេះបានទទួលការឧបត្ថម្ភពីបុរសសម្បូរទ្រព្យម្នាក់តែស្រីស្រស់អេនណាបាន​បដិសេធ​ដោយ​អះអាង​ថា វា​រឿង​បង្កាច់បង្ខួច។

កញ្ញា សូ អេនណា វ័យ ១៩ ឆ្នាំ ខ្ចីល្ហក់ដូចអន្លក់ខែវស្សា មានដងខ្លួនស្រឡូនសម្បុរស្រីអែមស្រស់ កម្ពស់ ១.៦៦ ទម្ងន់ ៤៩ គីឡូម៉ែត្រ ពិតជាស័ក្តិសមជាតារាម៉ូដែល។ នាង​បាន​បោះ​ជំហាន​ចូល​សិល្បៈ​នៅឆ្នាំ ២០០៩ តាមរយៈ​ការប្រឡង​កម្មវិធី SPY Super Modle។

មួយរយៈចុងក្រោយនេះ អេនណា កំពុងប្រជែងយកនូវការគាំទ្រដ៏គួរឱ្យកត់សម្គាល់ និងឈាន​ទៅ​រក​ភាព​ជោគជ័យ​ផងដែរ ពោល​គឺ​ក្រៅពី​ទទួល​បាន​ការគាំទ្រ​តាមរយៈ​ក្រុម Sun Super Modle ហើយនោះ នាង​ក៏​លេចមុខ​យ៉ាង​សម្បើមតាមរយៈ​ស្ពត​ពាណិជ្ជកម្ម​ដូចជា H2O Gold Regent និង Cellcard ជាដើម ហើយ​អ្វីដែល​គួរឱ្យ​ចាប់​អារម្មណ៍​ទៀតនោះ នាងបានពន្លេច​ខ្លួន​ជាតារាសម្តែង​ខារ៉ាអូខេ​ឱ្យ​ផលិតកម្មល្បីៗ​ និង​កំពុង​ត្រៀម​ខ្លួន​ធ្វើជាពិធីការិនីឱ្យទូរទស្សន៍ជាតិកម្ពុជាផងដែរ។

សូ អេនណា នាងបានបង្ហាញពីការហួសចិត្តពេលឮព័ត៌មានទាំងនោះ និងចាត់ទុកថា ជាការចោទប្រកាន់ទាំងស្រុង។ នាងបាននិយាយថា ខ្ញុំអត់បាន​យកសិល្បៈ​ធ្វើជា​ឈ្នាន់ ឬយកិត្តិយស​ទៅប្តូរនឹងភាពហ៊ឺហារ​នោះទេ គឹមានអ្នកចង់បង្កាច់បង្ខួចមកលើរូបខ្ញុំ។ តារាដែលអណ្តែតមកពីខេត្តបាត់ដំបងរូបនេះបន្ថែមថា នាងពិតជា​បានទៅ​ក្រៅប្រទេសជាញឹកញាប់មែនតែក្រៅពីដើរកម្សាន្ត នាងក៏ទៅជាលក្ខណៈការងារជាមួយក្រុម Sun Super Modle ផងដែរ។ អេនណា បញ្ជាក់ថា ពិតជាមានបុរស​មួយ​ចំនួន​តាមអួសទាញបេះដូងនាងមែន ដោយយកអំណាចទឹកប្រាក់ធ្វើជាខែល តែនាងមិនលេងចូលជាដាច់ខាត់ និងតែងតែបដិសេធ​ជារឿយៗ​ដោយមិន​ចង់មាន​ឈ្មោះជាស្រីកំណាន់ ឬប្រពន្ធចុងរបស់គេនោះទេ។

និស្សិតឆ្នាំទី ១ ផ្នែកអក្សរសាស្ត្រអង់គ្លេសនៅសាលាបញ្ញាសាស្ត្ររូបនេះអះអាងថា នាងនៅក្មេងមិនចង់ប្រឡូកប្រឡាក់ នឹងរឿងអស់ទាំងហ្នឹងទេ ពោល​គឺខួរក្បាល​របស់នាងបានទំនោរទៅលើតែការងារសិល្បៈតែមួយមុខប៉ុណ្ណោះ ដោយចង់ក្លាយជាតារាល្បីប្រចាំប្រទេស។

មតិយោបល់