គេហទំព័រ ដំណឹង ជាទីគោរព តាំងពីពេលដែលខ្ញុំស្គាល់គេហទំព័រនេះដំបូង ខ្ញុំមិនដែលលោះថ្ងៃក្នុងការតាមដាននូវព័ត៌មានផ្សេងៗ ទាំង ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព័ត៌មានកីឡា សុខភាព ហើយអ្វីដែលពិសេសគឺទំព័រ ទុក្ខស្នេហ៍ ដែលជាទំព័រ ដែលក្មូយតែងតែមើលមិនរំលងឡើយ ។
សួស្តី ម្តងទៀតគេហទំព័ត ដំណឹង ជាពិសេសលោក ពូ បុរសដំណឹង ដែលតែងតែចុះផ្សាយនិង ដោះស្រាយនូវវិបត្តិផ្សេងៗរបស់ មនុស្សគ្រប់រូប នាង ខ្ញុំ ឈ្មាះ ទីន នីឡានីន សព្វថ្ងៃជា និស្សិតរបស់សាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ហើយមានទីកន្លែងកំណើតនៅទីនេះផងដែរ ។
កាលពី ២ ឆ្នាំមុន នាងខ្ញុំជាយុវសិស្សម្នាក់ក្នុងវិទ្យាល័យមួយកណ្តាលក្រុងភ្នំពេញ បានស្គាល់បុរសម្នាក់ដែលជាយុវសិស្សដូចគ្នា ក្នុងកំឡុងពេលដែលពួកយើងទៅរៀនគួរ ខណៈនោះហើយដោយពាក្យចំអែអន់ពីពួកម៉ាក់ថា បុរសនេះល្អ អញ្ជេះ អញ្ជុះ ក៏ធ្វើឲ្យបេះដូងយុវសិស្ស របស់នាងខ្ញុំចាប់ផ្តើមទន់ទោរទៅរឿងស្នេហា មានពេលខ្លះភ្លេចការសិក្សា មកផ្តោះផ្តង់ស្នេហាក៏មាន តែលោកអ្នកមានគុណមិនដែលដឹងម្តងណាឡើយ ព្រោះអីគាត់ត្រឹមដឹងថា ខ្ញុំជាមនុស្សយ៉ាងដូចម្តេច ហើយម្យ៉ាងវិញទៀតលោកទាំងពីរជាមនុស្សមមាញឹកនឹងការរកចំណូលចូលគ្រួសារ ហេតុដូចនេះគាត់មិនដឹងឡើយ ។រយៈពេល ៣ ខែ បានកន្លងទៅ ភាសាស្នេហ៍ចាប់ផ្តើមផ្អែមទៅៗ ដែលជាដើមហេតុធ្វើឲ្យបេះដូងស្រ្តីក្រមុំក្នុងវ័យសិក្សាម្នាក់នេះ ទ្រាំមិនបានឡើយ ហើយក៏មិនដែលគិតថា គេជាមនុស្សបោកនោះដែរ ។ ៣ ខែ ៤ ខែ ៥ ខែ ៦ ខែ ក្នុងខែ ទី ៦ នេះហើយដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលបេះដូងយុវសិស្សជ្រួលជ្រើមថា ជាថ្ងៃ បុណ្យសង្សារនោះអី ហើយក៏ជាថ្ងៃ ដែលធ្វើឲ្យមួយជីវិតនៃបេះដូងស្រ្តីក្រមុំម្នាក់នេះប្រឡាក់ប្រឡូកទៅ ដោយស្នាមអង្រែ ខុសកន្លងប្រពៃណី ។ ខ្ញុំមិនដែលគិតដល់ចំណុចនេះទេ តែរូបគេលួងលោមបបួលអង្អែលពេក ទើបរូបនាងខ្ញុំទ្រាំពុំបាន ហើយម្យ៉ាងវិញទៀត តាំងតែពីស្គាល់រូបបុរសម្នាក់នេះ គេមិនដែលធ្វើឲ្យថ្នឹងថ្នាក់ចិត្តម្តងណាឡើយ រហូតសម្រេចចិត្តតាមគេ តែព្រះអើយ ការសម្រេចចិត្តនោះបានធ្វើឲ្យជីវិតខ្ញុំអួលអាប់ហើយ តាំងពីពេលដែលស្គាល់រស់ជាតិនៃស្រ្តីក្រមុំគេលែងខ្វាយខ្វល់យកចិត្តទុកដាក់ដូចមុនហើយ គេធ្វើពើយ ដូចជាមនុស្សមិនស្គាល់គ្នា ដូចជាមនុស្សធ្លាប់មានគំនំពីពេលណា អីញ្ជឹង បង!បងបាត់ភាពផ្អែមល្អែមទៅណាហើយ ហើយអូននេះខុសអ្វី អូនបានសម្រេចចិត្តដើរតាមបងហើយ ចុះផ្លូវដែលអូនដើរនោះហេតុអ្វីបងកាត់ផ្លូវអូ ឲ្យគេដើរជំនួសវិញ តើបងជាមនុស្សគ្មានស្គាល់ខុសត្រូវតាំងពីពេលណាមក បើអូនដឹងថាបង ចិត្តក្បត់យ៉ាងនេះ អូនមិនចង់ស្គាល់រសស្នេហ៍មួយនេះទេ សុខចិត្តនៅបេះដូងទំនេរប្រសើរជាង ។ តែអ្វីគួរឲ្យស្តាយនោះគឺភាពក្រមុំរបស់អូនត្រូវ អង្រែបងហើយ តើអូនមានមុខមាត់អីត្រូវរស់នៅទៀត លើលោកនេះ ។លោកអ្នកមានគុណ ទាំងពីតើលោកដឹងថា កូនយ៉ាងម៉េចទេ ? បើលោកបានដឹងតើលោកខ្លោចផ្សាយ៉ាងណាទៅ? កូនបានដើរលើមាគ៌ាខុសហើយ មិនគួរណាភ្លីភ្លើតាមដែលការស្រេកឃ្លាន ចំអែចំអន់ ភាសាផ្អែមល្អែមរបស់ប្រុសព្រានមុខសុភាពបុរសសោះ ។នេះហើយជាជីវិតតើខ្ញុំគួររស់ ឬស្លាប់ទៅ ?តើខ្ញុំមានមុខណាទៀតដើម្បីជួបគេឯងទៅ ខ្លួនប្រាណខ្ញុំហុំព័ទ្ឋទៅដោយស្នាមខ្មៅជាំយ៉ាងនេះ តើអ្នកណាអាចជួយខ្ញុំបានទៅ ? បងសំណាញ់បណ្តូលចិត្តខ្មៅអូន តើបងមានគិតពីបេះដូងអូនដែរ ឬទេ ថា អូនលំបាក់ប៉ុណ្ណា បើគេធ្វើបាបប្អូនស្រីបងតើបងពិបាកចិត្តដែរ ទេ? ហើយគ្រួសារបងនឹងរងនូវពាក្យយ៉ាងដូចម្តេច?បងមានគិតពីចំណុចនេះ ទេ ? ណ្ណើយ! ព្រោះអីអូនអង្វរបងអស់ហើយ បងមិនអាចវិលវិញឡើយចម្លើយនេះធ្វើឲ្យអូនភ្លឺភ្នែកណាស់ ក្នុងមួយជីវិតនេះ មិនគួរណាគេចការសិក្សា ចោលសាលា ព្រោះតែបង តែលទ្ធផលចុងក្រោយអូនបានទឹកភ្នែក តែប៉ុណ្ណោះ មានសេសសល់អ្វីទៀតសម្រាប់អូននោះ។កៀកថ្ងៃប្រឡងបាកឌុបហើយ តើខ្ញុំគួរតែយកទឹកភ្នែកប្រឡងនឹងវិញ្ញាសារមែនទេ ២ ខែ ទៀតខ្ញុំត្រូវតែកាត់ចិត្តដើម្បីលទ្ធផលរបស់ខ្ញុំ ឈប់គិតទៅ កុំឲ្យសង្គមជេរស្តីថា លើសនេះអ្វីទៀត បើគិតច្រើនទៅមិនចេញលទ្ធផលឡើយ ។ មកដល់ចំណុចនេះខ្ញុំបានយកឈ្នះលើវិថីសិក្សាហើយ ដោយមានមិត្តភក្តិល្អៗ ទៀតផងដែលជួយគាំទ្រលើកទឹកចិត្ត ទើបមានវត្តមានសិក្សានៅសាកលមួយក្នុងទីក្រុងភ្នំពេញនេះ ។ប៉ុន្តែអ្វីដែលចំឡែក លោកអ្នកមានគុណមិនដឹងឡើយចំពោះបញ្ហាដែលរូបនាងខ្ញុំបាត់បងព្រហ្មចារីយ៍ ក្នុងថ្ងៃ បុណ្យនៃក្តីស្រឡាញ់ តើគួរប្រាប់លោកដែរ ទេ ? សូមគេហទំព័រ ដំណឹង ក៏ដូចជាលោកពូ បុរសដំណឹង ជួយផ្តល់ជាមតិសម្រាប់ជាផ្នត់គំនិតខ្លះៗផង ។
ជាចុងក្រោយ សូមឲ្យមិត្តនារីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល គិតឡើងសាជាថ្មី កុំគួរគប្បីនឹងបុណ្យ ជាតិគេនេះ អី ហើយសូមបញ្ជាក់ម្តងហើយម្តងទៀត នេះមិនមែនជាបុណ្យសង្សារនោះទេ វាជាបុណ្យនៃក្តីស្រលាញ់វិញទេ មិនមែនមកដល់ថ្ងៃនេះជាថ្ងៃលះបង់នៃក្តីស្រលាញ់ឬមួយព្រហ្មចារីយ៍នោះឡើយ ។ គួរយកការសិក្សា ធំជាងស្នេហា វាជាការប្រសើរ សុំកុំដើរលើគន្លងខ្មៅងងឹតដូចជារូបនាងខ្ញុំនេះអ្វី ការថែរក្សាខ្លួនកាន់ខាន់ស្លារបស់អ្នកជាក្តីប្រាថ្នារបស់ខ្ញុំ ។
យោបល់គេហទំព័រ ដំណឹង
ក្មួយស្រីទីន នីឡានីន ជាទីស្រលាញ់របស់ពូ មកដល់ចំណុចនេះពូនៅតែសរសើរក្មួយមិនដាច់ពីមាត់នៅពេលដែលពូឃើញក្មួយចេះគិតយ៉ាងនេះ ថាជីវិតវាជាការតស៊ូ ក្តីបំណងតស៊ូរបស់ក្មួយពិតជាបានសម្រេចជាងនេះ មិនខាន ។ ចំពោះបញ្ហាដែលក្មួយចោទ ពូថា គួរប្រាប់ម្តាយឪពុកក្មួយដែរទេចំពោះបញ្ហាដែលកើតលើក្មួយដូចខាងលើ
ក្មួយត្រូវចងចាំថា គ្មានអ្វីជាអមតៈនោះទេ ហើយគ្មានអ្វីជាអាចថ៌កំបាំងនោះទេ ចូលក្មួយប្រាប់គាត់នូវអ្វីដែលកើតឡើងចំពោះក្មួយទល់មកដល់ពេលនេះ ពូជឿជាក់ថា គាត់នឹងយល់ថាអ្វីខុសអ្វីត្រូវ ជាក់ជាមិនខានឡើយ ។តែពូសូមសរសើរក្មួយត្រង់ចំណុចមួយ ទោះបីជាឳពុកម្តាយក្មួយមិនសូវរវីរវល់នឹងការសិក្សារបស់ក្មួយក្តីតែក្មួយអាច ប្រឈមមុខនឹងជីវិតខ្មៅអាប់អួលនេះ ។តែពូសូមផ្តាំផ្ងើរចំពោះចន្លោះខ្វះខាត់របស់ឳពុកម្តាយក្មួយ ចំពោះក្មួយ ដោយមិនខ្វល់តាមដាន នូវការ សិក្សារបស់ក្មួយ តែក៏មិនមែនមានន័យថា គាត់ខុសទាំងស្រុងនោះដែរ ព្រោះថា គាត់ខិតខំរកលុយដើម្បីឲ្យក្មួយសិក្សាទើបក្មួយឈានចូលមកដល់ថ្ងៃនេះ ។ បុណ្យនៃក្តីស្រលាញ់ មិនមែនជាបុណ្យលះបង់ព្រហ្មចារីយ៍ឡើយវាគ្រាន់តែជាបុណ្យដែលចែករំឡែកក្តីស្រលាញ់រវាងគ្នា និង គ្នា តែប៉ុណ្ណោះ ៕
ពីពូ បុរសដំណឹង
មតិយោបល់