ព័ត៌មានជាតិ

ខ្មែរក៏ធ្លាប់​ផ្តល់​ពហុ​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត ​FIFA ​World ​Cup ​ផងដែរ ​(មានវីដេអូ)

បើទោះបីជាប្រទេសកម្ពុជាមិនធ្លាប់បានធ្វើការម្ចាស់ផ្ទះ ឬចូលរួមប្រកួត បាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup ក្ដី ប៉ុន្តែប្រទេសកម្ពុជាក៏ធ្លាប់បានផ្តល់នូវពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ធ្វើការប្រកួតរវាងប្រទេសកូរ៉េខាងជើង និងអូស្រ្ដាលីផងដែរ។

នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ ១៩៦៦ ត្រូវធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់ ៣០ខែ កក្កដា ជាលទ្ធផលប្រទេសអង់គ្លេសបានក្លាយជាម្ចាស់ពានរង្វាន់ ដោយយកឈ្នះអាឡឺម៉ង់ខាងលិច ៤ទល់នឹង២។

នៅឆ្នាំនោះ ទំនាក់ទំនងអន្តរជាតិរបស់ប្រទេសកូរ៉េខាងជើង ជាមួយនឹងប្រទេសភាគច្រើនមិនសូវល្អ ដោយមានការព្រួយបារម្ភ និងលំបាកយ៉ាងខ្លាំងក្នុងការរកទីកន្លែងសម្រាប់ការប្រកួតរវាងកូរ៉េខាងជើងនិងអូស្ដ្រាលី ពេលនោះ ព្រះមហាវីរក្សត្រសម្ដេចព្រះ នរោត្ដម សីហនុ ដែលជាប្រមុខរដ្ឋ និងជាមិត្តជាមួយនឹងមេដឹកនាំកូរ៉េខាងជើងគឺលោក គីម អ៊ីលស៊ុង បានស្នើសុំឲ្យប្រទេសទាំងពីរមកធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ភ្នំពេញ។ ការប្រកួតបានទាក់ទាញទស្សនិកជនបានជាង ៤ម៉ឺននាក់ ដោយពាក់កណ្ដាលខាងកូរ៉េខាងជើង និងពាក់កណ្ដាលទៀតខាងអូស្ដ្រាលី។ ការប្រកួតប្រព្រឹត្តទៅ២ថ្ងៃ គឺនៅថ្ងៃទី ២១ វិច្ឆិកា ១៩៦៥ ដែលលទ្ឋផលអូស្ត្រាលីឈ្នះ៦ទល់១ និង នៅថ្ងៃទី ២៤ វិច្ឆិកា ១៩៦៥ ដែលកូរ៉េខាងជើងឈ្នះ៣ទល់១។ កូរ៉េខាងជើងបានជាប់ឡើងទៅប្រកួតជាមួយអ៊ីតាលីនៅវគ្គប្រកួតវិលជុំ។ កូរ៉េខាងជើងបានឈ្នះអ៊ីតាលីទៀត ហើយឡើងទៅប្រកួតជាមួយព័រទុយហ្គាល់នៅវគ្គមួយភាគបួនផ្ដាច់ព្រាត់ តែចាញ់ព័រទុយហ្គាល់នៅពេលនោះទៅ។

នេះគឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាក្នុងសម័យព្រះមហាវីរក្សត្រសម្ដេចព្រះ នរោត្ដម សីហនុ។

គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិអូឡាំពិក មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋានមានលទ្ឋភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់។ វាត្រូវបានគូរប្លង់ដោយស្ថាបត្យករខ្មែរដ៏ល្បីគឺលោក វណ្ណ មូលីវណ្ណ។

ការស្ថាបនាពហុកីឡដ្ឋានចាប់ផ្ដើមនៅឆ្នាំ ១៩៦៣ និងបញ្ចប់នៅឆ្នាំ ១៩៦៤។ ពិធីសម្ពោធធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤ ដំនាលគ្នានឹង បុរីកីឡា ដែរ ពហុកីឡដ្ឋាននេះត្រូវបានស្ថាបនាដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នបានប្ដូរឈ្មោះជាកីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម (SEA GAME)) ឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពហុកីឡដ្ឋាននេះក៏បានទទួលប្រារព្ឋការប្រកួតកីឡាហ្គានេហ្វូផងដែរ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី៦ធ្នូ ១៩៦៦ ដោយអោយឈ្មោះព្រឹត្តិការណ៍នោះថា កីឡាហ្គានេហ្វូលើកទី១។ ពហុកីឡដ្ឋានត្រូវបានប្រើប្រាស់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋ នៃបណ្ដាប្រទេសជាមិត្តមួយចំនួន ជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋ និងជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិកម្ពុជា៕

ឯកសារយោង៖ Wikipedia , FIFA World Cup 1699

មតិយោបល់