ព័ត៌មានជាតិ

«កោះទន្សាយ» ​រមណីយ​ដ្ឋាន​ធម្មជាតិ​ពិតៗ​

កោះទន្សាយ ស្ថិតនៅភាគខាងត្បូងឆៀងខាងលិច ចម្ងាយប្រហែល៤.៥គ.ម ពីទីរួមខេត្តកែប និងមានផ្ទៃដី ប្រមាណ ២គីឡូម៉ែត្រការ៉េ។ កោះនេះ ជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុងកែប ដែលមានលក្ខណៈ អំណោយទានពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែង សម្រាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យ «រំសាយ» ព្រោះនៅ ពេលដែលស្តេច សាគររាជ អស់សង្ឃឹមក្នុងការតស៊ូដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ ច្រើន ព្រះអង្គក៏បាន ដឹកនាំអ្នកដែល នៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែបហើយ ក៏បានធ្វើការរំសាយទ័ពនៅទីនោះទៅ។
ដោយការហៅតៗគ្នា កោះរំសាយ បានក្លាយទៅជា កោះអំសាយ កោះអន្សាយ ក្រោយមកក៏ក្លាយទៅជា កោះទន្សាយរហូតដល់សព្វថ្ងៃនេះ។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយ ផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចម្រុះ។ ចំណែកឯទេសភាពនៅលើកោះវិញនោះ គឺពោរពេញដោយ ភាពស្រស់បំព្រង ដែលលម្អដោយព្រៃឈើ ដើមដូង និងសត្វព្រៃផងដែរ។មិនតែប៉ុណ្ណោះ នៅលើទីធ្លាកោះ ទន្សាយ មានអ្នកលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ និងមានកន្លែងលក់អាហារ ភេសជ្ជៈ ព្រមទាំងមានភោជនីយដ្ឋាន លក់ម្ហូបអាហារសមុទ្រសព្វបែបយ៉ាងទៀតផង។ជាពិសេស នៅទីនោះមានសង់នូវកញ្ចុះ ឬស្សីសម្រាប់ជួល ឲ្យភ្ញៀវសំរាកលំហែរកាយផងដែរ។ លើសពីនេះ ក៏មានកន្លែងជួលឱ្យភ្ញៀវស្នាក់នៅក្នុង រយៈពេលខ្លី ឬវែង ដែលមានបន្ទប់ទឹក បង្គន់អនាម័យថែមទៀត។ នៅពេលយប់ ភ្ញៀវទេសចរណ៍ អាចដើរលេងកម្សាន្តតាមឆ្នេរ ខ្សាច់ ដែលមានខ្យល់ត្រជាក់បរិសុទ្ធ និងប្រកបដោយសុវត្តិភាពជានិច្ច។
នៅពេលបច្ចុប្បន្ននេះ ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនាខេត្តកែប គឺគេតែងតែចង់ទៅទស្សនា កោះទន្សាយនេះមិនខានឡើយ។ ដោយសារតែកោះទន្សាយ ជាទីកន្លែងដ៏សែនមនោរម្យ ដូចនេះហើយ ទើបមានទេសចរណ៍រាប់សិបនាក់មកទស្សនាលំហែកម្សាន្តទីនោះជារៀងរាល់ថ្ងៃ ជាពិសេសមានចំនួនច្រើននៅ ថ្ងៃឈប់សំរាក ថ្ងៃបុណ្យជាតិ និងអន្តរជាតិជាដើម។
«សក្តានុពលដែលទាក់ទាញភ្ញៀវទេសចរណ៍គឺ ទី១មានឆ្នេរខ្សាច់ ទឹករាក់ល្មម ទឹករាក់ ល្មមហ្នឹង បានន័យថា គេចុះងួតលេងបាន ហើយខ្យល់អាកាសល្អៗហ្នឹង បានន័យថា ពេលយើងទៅ យើង មានអារម្មណ៍ល្អ ធូរស្បើយ ហើយមួយទៀតគឺព្រៃឈើ មានព្រៃឈើគ្រប់ប្រភេទ ព្រៃឈើហ្នឹងវាមាន ភាពស្រស់បំព្រង លក្ខណៈពិសេសរបស់វាហ្នឹង បានន័យថាវាអត់ក្រៀមទេ គឺគ្រប់រដូវស្រស់រហូត ទាំងរដូវប្រាំង និងរដូវវស្សាហ្នឹងវាស្រស់ដូចគ្នា ហើយមួយទៀតក្នុងសមុទ្រ បាតសមុទ្រវាមានផ្កាថ្មផ្កាថ្ម ហ្នឹងបើតាមឯកសាររបស់អង្គកា ណាណូដា ដែលគេស្រាវជ្រាវគឺមានដល់ជាងដប់ប្រភេទ ហើយសុទ្ធ តែជាផ្កាថ្មដែលជាប់ចំណាត់ថ្នាក់ ភ្ញៀវគេចូលចិត្តមើលជាងគេ ហើយអាខ្លះវាមានរាងដូចឃ្មុំៗផ្លិតអញ្ចឹង ហើយត្រីវាចូលចិត្តនៅក្នុងថ្មហ្នឹង។ ហើយនៅមួយទៀត វាពិសេសខ្លាំងណាស់ វាតាមរដូវ រដូវរបស់វា គឺត្រីផ្សោត ផ្សោតសមុទ្រ ខែ៧ដើមឆ្នាំ្នអីហ្នឹងបានយើងឃើញ ឃើញទាំងវ៉ូងៗ»។
គួរបញ្ជាក់ថា រមណីយដ្ឋានកោះទន្សាយ ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតរបស់ ខេត្តកែប ដែលត្រូវបានអាជ្ញាធរទេសចរណ៍ខេត្ត រៀបចំឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ដីកោះ ចាប់តាំង ពីឆ្នាំ២០០៥មកម្ល៉េះ បន្ទាប់ពីរមណីយដ្ឋានឆ្នេរកែប ហើយកោះនេះបានផ្តល់នូវកន្លែងសំរាកលំហែកាយ ដ៏ប្រសើរ សម្រាប់ទេសចរណ៍មកពីគ្រប់ទិសទីទាំងអស់៕

រូបថតដោយ៖ ជួប រតនា

មតិយោបល់