អង្គការសហប្រជាជាតិ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១២ ថា លោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់កូរ៉េខាងជើង ដែលបានបាញ់គ្រាប់រ៉ូកែត។
លោក បាន គីមូន និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានលើកឡើងថា ទង្វើនេះគឺជាការរំលោភយ៉ាងច្បាស់ក្រឡែតទៅ នឹងការទាមទារទាំងឡាយរបស់ស្ថាប័នអន្តរជាតិមួយនេះ ដែលបានហាមមិនឲ្យ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ធ្វើការបាញ់សាកល្បង បច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយណាមួយនោះ។
អ្នកនាំពាក្យលោក បាន គីមូន និយាយថា ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះគឺធ្វើឲ្យប្រទេសជិតខាង និងពិភពលោកកាន់តែមិនចេញចិត្តថែមទៀត ព្រោះថា ប្រទេសមួយនេះបានប្រឆាំងទៅនឹងការរួបរួមគ្នា អំពាវនាវយ៉ាង ទទូចពីសំណាក់ សហគមន៍អន្តរជាតិ។
ពិភពលោក បានអំពាវនាវ ឲ្យដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេស កូរ៉េខាងជើង ដើម្បីកុំឲ្យភាពគឃ្លើននេះ កើតឡើងម្តងទៀត។
គួរបញ្ជាក់ផងដែរថា គ្រាប់រ៉ុកែតរយៈចម្ងាយឆ្ងាយដែលមានឈ្មោះថា អ៊ុនហា-3 ត្រូវបានគេ រាយការណ៍ថា បាន បាញ់ចេញពីតំបន់ឆ្នេរ សមុទ្រភាគ ខាងលិចប្រទេសកូរ៉េខាងជើង កាលពី មុនម៉ោង ១០ និង ០០ នាទីព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១២ ម៉ោងនៅក្នុងតំបន់។ តាមព័ត៌ មានក្នុងតំបន់ ក៏បានចេញផ្សាយដែរថា គ្រាប់រ៉ុក្កែតនោះ បាន ហោះកាត់កោះអូគីណាវ៉ារបស់ ជប៉ុន បន្ទាប់មកបំណែករបស់វាក៏បានធ្លាក់ទៅក្នុង ដែនសមុទ្រចិន ខាង ត្បូង ជិត ហ្វីលីពីន៕


មតិយោបល់