ព័ត៌មានជាតិ

ស្ត្រីខ្មែរ៣នាក់ ត្រូវបានសង្គ្រោះឲ្យត្រឡប់មកស្រុកវិញ ក្រោយប្ដីចិន ធ្វើបាបខ្លាំង

ភ្នំពេញៈ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានអន្តរាគមន៍ និងសហការជាមួយអាជ្ញាធរចិន រៀបចំបែបបទធ្វើដំណើរឲ្យស្ត្រីខ្មែរ រងគ្រោះចំនួន៣រូប ឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ ដោយសារប្តីជនជាតិចិនធ្វើបាប។

ស្រ្តីខ្មែរទាំង៣នាក់នោះ ទី១ឈ្មោះ ផុន ម៉ាន់ អាយុ ២០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៥ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តជាំងស៊ី ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់ មកស្រុកកំណើតវិញ គឺដោយសាររស់នៅមិនចុះសម្រុងគ្នាជាមួយប្តី។

ទី២- ជឹម ណាវី អាយុ ១៥ឆ្នាំ មកពីខេត្តកំពង់ចាម ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់មកស្រុកកំណើតវិញ គឺដោយសារប្តីបិទសិទ្ធិសេរីភាព ឱ្យនៅតែក្នុងផ្ទះ។

ចំណែកទី៣ឈ្មោះ គី ចាន់នី អាយុ ១៥ឆ្នាំ មកពីខេត្តព្រៃវែង ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៦ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់មកស្រុក កំណើតវិញ គឺដោយសាររស់នៅមិនចុះសម្រុងគ្នា ប្ដីបិទសិទ្ធិសេរីភាពឱ្យនៅតែក្នុងផ្ទះ ។

កំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជា ស្ថានអគ្គកុងស៊ុលបានផ្តល់កន្លែងស្នាក់នៅហូបចុក ដល់ស្ត្រីរងគ្រោះទាំង០៣រូប នេះ ផងដែរ។ ស្រ្តីខ្មែរទាំង ០៣រូប ខាងលើ បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ១១ និង១៥នាទីយប់ តាមជើងយន្តហោះលេខ MU 759៕

មតិយោបល់