ដំណេក ពិតជាមានឥទ្ធិពលទៅដល់ដំណើរការលូតលាស់នៃរូបរាងកាយទាំងមូល។ ប្រសិនបើរាងកាយមិនបានទទួលនូវដំណេកគ្រប់គ្រាន់នោះទេ វាពិតជាធ្វើឱ្យសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក មានការប្រែប្រួល គួរឱ្យកត់សម្គាល់។ កុមារ ចាំបាច់ត្រូវការគេងពី១០ ទៅ១២ម៉ោង ក្នុងមួយថ្ងៃ មនុស្សពេញវ័យ អាយុចាប់ពី២០ ទៅ៥០ឆ្នាំ ត្រូវការគេងប្រហែល៨ម៉ោង ក្នុងមួយថ្ងៃ ឯមនុស្សចាស់ ដែលមានអាយុ៥០ឆ្នាំ ឡើងទៅ ត្រូវការគេងប្រហែល៦ម៉ោង ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។
ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ថា មានបញ្ហារឿងដំណេក សូមអនុវត្តតាមវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម ៖
០១. រៀបចំបន្ទប់គេងឱ្យល្អ : បន្ទប់គេង គួរកុំឱ្យមានពន្លឺភ្លឺពេក និងអាចកាត់បន្ថយសម្លេងរំខានពីខាងក្រៅ។ សីតុណ្ហភាពនៅក្នុងបន្ទប់ ត្រូវត្រជាក់ល្មម ជៀសវាងភាពស្អុះស្អាប់។
០២. កំណត់ទម្លាប់ចូលគេង ឱ្យបានទៀងទាត់ : ការចូលគេងមិនទៀងទាត់ ជាញឹកញាប់ អាចធ្វើឱ្យលោកអ្នកគេងមិនលក់។ ដូច្នេះ អ្នកត្រូវរៀបចំពេលវេលា សម្រាប់ចូលគេង និងក្រោកពីគេង ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងគ្រប់គ្រាន់ ទោះបីជានៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកផ្សេងៗ ក៏ដោយ។ ជាការប្រសើរ អ្នកគួរកំណត់រយះពេលគេង ឱ្យបានគ្រប់គ្រាន់ និងអាចឱ្យអ្នកភ្ញាក់ពីគេង នៅមុនពេលព្រះអាទិត្យរះ។ បើមិនដូច្នោះទេ អ្នកនឹងត្រូវរំខានដោយសារពន្លឺព្រះអាទិត្យ ហើយនឹងសម្លេងអ៊ូអរពេលព្រឹកព្រលឹម ជាមិនខាន។
០៣. បំបាត់ការឈឺចាប់ផ្សេងៗ មុនពេលចូលគេង : ប្រសិនបើអ្នកមានអាការះឈឺចាប់ផ្សេងៗ ដូចជា ឈឺក្បាល ចុករោយដៃ ឬឈឺខ្លួនប្រាណ សូមទទួលទានថ្នាំឱ្យបានរួចរាល់ មុនពេលចូលគេង។
០៤. បន្ធូរអារម្មណ៏មុននឹងចូលគេង : ការសមាធិ ការភាវនា ការស្មឹងស្មាធ គឺជាមធ្យោបាយដ៏ល្អ សម្រាប់ធ្វើឱ្យអារម្មណ៍ជ្រះស្រឡះ និងមិនគិតពីរឿងអ្វីឡើយ មុននឹងចូលគេង។
០៥. ជៀសវាងទទួលទានអាហារ ដែលមានជាតិកាហ្វេអ៊ីន និងជាតិអាល់កុល : សារធាតុទាំងនេះ មាននៅក្នុងកាហ្វេ កាកាវ តែ កូកាកូឡា បារី និងស្រាជាដើម។ ការទទួលទានសារធាតុទាំងនេះ មុនពេលចូលគេង វាធ្វើឱ្យអ្នកគេងមិនលក់ មិនបានស្កប់ស្កល់។
០៦. កុំចូលគេង ដោយមិនបានទទួលទានអាហារ : ការទទួលទានឆ្អែតពេក ឬតិចពេក ក៏អាចរំខានដល់ដំណេករបស់លោកអ្នកផងដែរ ព្រោះថា វាធ្វើឱ្យលោកអ្នកហល់ ឬឃ្លានខ្លាំងពេក។ សូមទទួលទានទឹកដោះគោមួយកែវ ដើម្បីបំបាត់ការឃ្លានរបស់អ្នក និងអាចជួយកាត់បន្ថយជាតិអាស៊ីត ដែលមាននៅក្នុងក្រពះរបស់អ្នកបានទៀតផង។
០៧. កុំដាក់ ឬព្យួរនាឡិកានៅក្នុងបន្ទប់គេងរបស់អ្នក : សូមយកនាឡិកាចេញពីភ្នែករបស់អ្នក ឬក៏ចេញពីបន្ទប់គេងរបស់អ្នកតែម្តង ក៏បាន ព្រោះថា វាបានត្រឹមតែឱ្យអ្នកបារម្ភខ្លាចមេឃជិតភ្លឺ តែប៉ុណ្ណោះ នៅពេលសម្លឹងមើលវា។
០៨. ហាត់ប្រាណ ឱ្យបានទៀងទាត់ : ហាត់ប្រាណជាទៀងទាត់ ឱ្យបាន៣០នាទី ក្នុងពេលមួយថ្ងៃនៅពេលព្រឹក គឺអាចជួយឱ្យអ្នកគេងលក់ស្រួល។
០៩. ផ្អាកការងារផ្សេងៗប្រហែលមួយម៉ោង មុនពេលចូលដំណេក : ទោះបីជាការងារនោះ ប្រើខួរក្បាលមិនប្រើប្រាស់កម្លាំងក៏ដោយ អ្នកគួរបញ្ឈប់វា ដើម្បីធ្វើឲ្យអារម្មណ៍អ្នកបានស្ងប់មុននឹងទទួលទានដំណេក។
គួរបញ្ជាក់ថា អាការះគេងមិនលក់អាចជារឿងធម្មតា តែបើមិនបានយកចិត្តទុកដាក់ទេនោះ វាពិតជាអាចក្លាយទៅជាបញ្ហាធំមិនខាន៕
https://i1272.photobucket.com/albums/y389/domneng/alv_pr_zps9206c396.jpg
មតិយោបល់