លោក Masahito Yoshida ជនជាតិជប៉ុន វ័យ ៣២ឆ្នាំ បានត្រឡប់ទៅដល់ទីក្រុងសៀងហៃ ដែលជាចំណុចចាប់ផ្ដើមនៃការដើរជុំវិញពិភពលោក ដោយបានចំណាយពេល ៤ឆ្នាំ ៦ខែ។
នៅក្នុងដំណើរជុំវិញពិភពលោក Yoshida បានដើរសរុបចម្ងាយ ៤០.០០០គីឡូម៉ែត្រ ដោយបានឆ្លងកាត់ទ្វីបចំនួន ៤ ជាមួយនឹងរទេះអូសកង់២ ដែលផ្ទុកដោយសម្ភារៈប្រើប្រាស់មួយចំនួន។
នៅថ្ងៃចូលឆ្នាំ ២០០៩ លោក បានកំណត់យកតំបន់ Joe ប្រទេសជប៉ុន ជាទីចាប់ផ្ដើម ហើយបញ្ចប់នៅទីក្រុងសៀងហៃប្រទេសចិន ដោយការដើរជុំវិញភពលោកនេះ លោកបានប្រើតែជើងទាំងពីរសុទ្ធសាធ។
លោកបាន និយាយថា លោកចង់ដើរជុំវិញពិភព និងចង់ឃើញនូវតំបន់ដែលអស្ចារ្យ ប៉ុន្តែលោកមិនចង់ទៅកាន់តំបន់ទាំងនោះដោយការជិះរថភ្លើង ឬយន្តហោះនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តដើរដោយថ្មើរជើង។
គោលដៅដែលលោក ត្រូវចេញដំណើរមុនគេនៅគឺតំបន់ Cape Roca ដែលជាតំបន់មានដីលយចូលសមុទ្រ ស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ ដោយគាត់បានទៅដល់ទីនោះនៅក្នុងខែសីហា ឆ្នាំ ២០១០ រួចក៏បន្តធ្វើដំណើរក្នុងចម្ងាយ ១៦.០០០គីឡូម៉ែត្រទៀត ដើម្បីឆ្លងកាត់តំបន់អាស៊ីកណ្ដាល និងទ្វីបអឺរ៉ុប។
បន្ទាប់មកទៀត លោកក៏មានគម្រោងទៅកាន់អាមេរិក ដោយត្រូវចំណាយពេល និងដើរប្រវែង ៦.០០០គីឡូម៉ែត្រពីទីក្រុង Atlantic ទៅកាន់តំបន់ Vancouver ប្រទេសកាណាដា។ ចាប់ផ្ដើមពីប្រទេសកាណាដា លោកបានដើរឆ្លងកាត់ Melbourne, Southern Australia និង Darwin ក្រោយពីនេះ លោកក៏បានសម្រេចចិត្តត្រឡប់មកកាន់សង្ហបុរី និងសៀងហៃ។ ក្នុងការធ្វើដំណើរជុំវិញពិភពលោកនេះ លោក Masahito បានចំណាយស្បែកជើងអស់ ៧គូ។
គួរបញ្ជាក់ផងដែរថា ការដើរជុំវិញពិភពលោក របស់ Masahito នៅមិនទាន់បញ្ចប់នោះទេ លោកត្រូវដើរចម្ងាយ ៥០០គីឡូម៉ែត្រទៀត ដើម្បីទៅកាន់ប្រទេសជប៉ុននាខែសីហាខាងមុខ៕
ព័ត៌មានជាតិ
មតិយោបល់