កាលពីថ្មីៗនេះ សារព័ត៌មាន All Things Digital បានរាយការណ៍ថា ក្រុមហ៊ុន Zynga នឹងតែងតាំងនាយកប្រតិបត្តិថ្មី នៅក្នុងពេលឆាប់ៗ ដោយឡែកនៅថ្ងៃនេះ ក្រុមហ៊ុនផលិតហ្គេមធំបំផុតរបស់ Facebook មួយនេះ បានចេញសេចក្ដីប្រកាសជាផ្លូវការតែងតាំងនាយកប្រតិបត្តិថ្មី។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុន Zynga បានតែងតាំងលោក Don Mattrick ជានាយកប្រតិបត្តិថ្មី ដែលជាអតីតប្រធានអន្តរកម្មកម្សាន្តរបស់ក្រុមហ៊ុន Microsoft ជំនួសលោក Mark Pincus។
លោក Mark Pincus ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិបច្ចុប្បន្ននេះ បាននិយាយថា លោក Mattrick នឹងចូលកាន់តំណែងជានាយកប្រតិបត្តិថ្មីនៅសប្ដាហ៍ក្រោយ ហើយលោកនឹងបន្តកាន់តំណែងជាអគ្គនាយក និងជាប្រធានផលិតផល។
លោក Mattrick ក៏ជាអតីតបុគ្គលិកក្រុមហ៊ុនផលិតហ្គេមរបស់អាមេរិក Electronic Arts(EA) ដែលជាគួប្រជែងធំបំផុតរបស់ Zynga ដែលលោកបម្រើការងារនៅក្នុង EA អស់រយៈពេល ១៥ឆ្នាំ ដូច្នេះលោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតហ្គេមមួយនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Zynga បានជួបវិបត្តិធ្ងន់ធ្ងរកាលពីចុងឆ្នាំ ២០១២ ហើយមកដល់ដើមឆ្នាំ ២០១៣ មានបុគ្គលិកជាន់ខ្ពស់ជា ១០រូបបានលាឈប់ ប៉ុន្តែលោក Pincus នៅតែបន្តការដឹកនាំរហូតមកដល់ស្ថានភាពក្រុមហ៊ុនធូរស្រាលវិញ៕

មតិយោបល់