យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានរងរបួស ដែលនៅក្នុងនោះរួមមានសង្ឃឡាម៉ាមកពីទីបេ ដោយសារការទម្លាក់គ្រាប់បែកនៅលើវិហារព្រះពុទ្ធសាសនាដ៏ពិសិដ្ឋមួយកន្លែងនៅភាគខាងកើតនៃប្រទេសឥណ្ឌាក្នុងរដ្ឋ Bihar កាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមសម្ដីប៉ូលិសក្នុងតំបន់។
របាយការណ៍បានបញ្ជាក់ថា នៅចម្លោះម៉ោង ៥និង២០នាទី ដល់ម៉ោង៦ព្រឹក មានការទម្លាក់គ្រាប់បែកនៅលើព្រះវិហារ Mahabodhi ដែលជាវិហារមានអាយុកាលជាង ១.៥០០ឆ្នាំ នៅក្នុងស្រុក Bodh Gaya ដែលជាទីកន្លែងបូជាសក្ការៈ ហើយត្រូវបានអង្កការ UNESCO ដាក់ជាបេតិកភណ្ឌពិភពលោក។
ការទម្លាក់គ្រាប់បែកនេះមិនបានបណ្ដាលឲ្យខូតខាតដល់វិហារនោះទេ ព្រោះថាកន្លែងមួយនេះ ជាកន្លែងស័ក្តិសិទ្ធ ប៉ុន្តែបណ្ដាលឲ្យរងរបួសមនុស្ស ៥នាក់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។
ប៉ូលិសបាននិយាយថា នេះជាការវាយប្រហារបែបភារវកម្ម ព្រមទាំងបានដាក់ផែនការណ៍ប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារសន្តិសុខនៅក្នុងតំបន់។
ចំពោះមូលហេតុនៃការទម្លាក់គ្រាប់បែកនេះ ខាងប៉ូលិសមិនបានបញ្ជាក់ថាមកពីហេតុអ្វីនោះទេ ប៉ុន្តែក្រុមអ្នកវិភាគស្ថានការណ៍នៅក្នុងប្រទេសបាននិយាយថា អាចជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចជនជាតិដើមភាគតិចរវាងពុទ្ធសាសនា និងម៉ូស្លីមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រោះថាមានក្រុមម៉ូស្លីមខ្លះបានគំរាមពុទ្ធសាសនិកជន៕
មតិយោបល់