ព័ត៌មានជាតិ

Apple iPhone 5S៖ លក្ខណៈ​ពិសេស​ទាំង​៧​សម្រាប់ iPhone ជំនាន់​ទី​៧

​ប្រិយមិត្ត​របស់​ក្រុមហ៊ុន Apple កំពុងតែ​ទន្ធឹង​រង់ចាំថា តើ​មាន​អ្វី​សម្រាប់ iPhone ជំនាន់​ទី​៧? មុខងារ​ស្គែ​ន​ម្រាមដៃ កាមេរ៉ា ១២​មេហ្គា​ភិ​ច​សែ​ល ពណ៌​មាន ។​ល​។​
iphone 5s-gold
​ព័ត៌មាន​ថ្មី​ចុងក្រោយ​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Apple នឹង​ធ្វើ​ការបង្ហាញ iPhone ជំនាន់​ទី​៧​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា ឆ្នាំ ២០១៣ ប៉ុន្តែ​ព័ត៌មាន​នេះ​នៅ​មិន​ទាន់​ជាក់លាក់​នោះទេ ព្រោះ​ថា​វា​គ្រាន់តែ​ជា​ព័ត៌មាន​ចចាមអារ៉ាម​។ ចំណុច​មួយ​ដែល​អាច​ជឿជាក់​បាន​គឺ iPhone ជំនាន់​ថ្មី​វា​នឹង​ល្អប្រសើរ​ជាង iPhone 5 នាពេល​បច្ចុប្បន្ន​។ សម្រាប់​លោក​អ្នក​ដែល​ជា​ប្រិយមិត្ត Apple អាច​សន្សំ​លុយ ដើម្បី​រង់ចាំ​ទិញ​ជំនាន់​ថ្មី ព្រោះ​ថា​វា​នឹង​មកដល់​ឆាប់ៗ​។​
​នៅថ្ងៃនេះ ដំណឹង សូម​លើក​យក​នូវ​ព័ត៌មាន​ចចាមអារ៉ាម​ធំៗ​ចំនួន ៧​ដែល​ពាក់ព័ន្ធ​នឹង iPhone ជំនាន់​ទី​៧៖

១. មុខងារ​ស្គែ​ន​ម្រាមដៃ​
​ប្រភព​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Apple បាន​បន្ថែម​នូវ​លក្ខណៈ​ពិសេស​មួយទៀត​ដើម្បី​ជា​ប្រព័ន្ធ​ការពារ​នោះ​គឺ​មុខងារ​ស្គែ​ន​ម្រាមដៃ​។ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា មុខងារ​ស្គែ​ន​ម្រាមដៃ​ត្រូវបាន​បំពាក់​ជាមួយនឹង​ប៊ូ​តុង Home ដែល​អាច​ប្រើ​សម្រាប់​ចាកសោរ និង​ដោះ​សោរ​។​

២. ប្រើប្រាស់ A7 Chip និង​មាន RAM ទំហំ 1GB
​សារព័ត៌មាន​មួយចំនួន​បាន​រំពឹងទុក​ថា ក្រុមហ៊ុន Apple នឹង​ប្រើប្រាស់ A7 Chip សម្រាប់ iPhone ជំនាន់​ទី​៧ ដោយមាន Upgrade ពី A6 នៅលើ iPhone 5​។ ពាក់ព័ន្ធ​នឹង​គ្នា​នេះ​ផងដែរ Apple ក៏​បាន​បន្ថែម​ទំហំ RAM រហូតដល់ 1GB​។​

៣. កាមេរ៉ា​ទំហំ ១២​មេហ្គា​ភិ​ច​សែ​ល និង Dual LED flash
​ដើម្បីឲ្យ​ការប្រើប្រាស់​កាន់តែ​ប្រសើរ​ឡើង ក្រុមហ៊ុន Apple បាន​បំពាក់​កាមេរ៉ា​ទំហំ ១២​មេហ្គា​ភិ​ច​សែ​ល មកលើ iPhone ជំនាន់​ថ្មី រួម​នឹង​ភ្លើង dual LED flash ដែល​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​និយាយថា ក្រុមហ៊ុន Apple ពិត​មាន Upgrade ទំហំ​កាមេរ៉ា​។​

៤. iPhone 5S ពណ៌​មាស​
​ពណ៌​ស និង​ខ្មៅ​ជា​សំណប់​ចិត្ត​របស់​ក្រុមហ៊ុន Apple ព្រោះថា ស្ទើរតែ ៨០​ភាគរយ​នៃ​ផលិតផល​របស់ Apple គឺ​ប្រើប្រាស់​តែ​ពណ៌​ស និង​ខ្មៅ ជាពិសេស​គឺ iPhone តែម្ដង ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ មាន​ព័ត៌មាន​បែកធ្លាយ​រូបភាព iPhone ពណ៌​មាស ដែល​ធ្វើឲ្យ​មហាជន និង​អ្នកគាំទ្រ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

៥. iPhone 5S ម៉ូ​ដែល 128GB
iPhone ដែល​ក្រុមហ៊ុន Apple ផលិតផល​នាពេល​បច្ចុប្បន្ន​គឺមាន iPhone 16GB, 32GB និង 64GB ប៉ុន្តែ សម្រាប់​ពេល​នេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​និយាយថា ក្រុមហ៊ុន Apple នឹង​ចេញ iPhone 5S 128 GB​។ តើ​អស្ចារ្យ​ទេ សម្រាប់ iPhone ជំនាន់​ទី​៧?

៦. បច្ចេកវិទ្យា Near-field communication (NFC)
​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​សម្រាប់​ស្មា​ត​ហ្វូន ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា ក្រុមហ៊ុន​នឹង​បំពាក់​វា​មក​លើ iPhone 5S ព្រោះថា​បច្ចេកវិទ្យា​នេះ Apple មិន​ធ្លាប់​បាន​ប្រើ​នៅ​លើ iPhone មុនៗ​ឡើយ​។​

៧.​តម្លៃ
ពាក់ព័ន្ធ​នឹង​រឿង​តម្លៃ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយថា iPhone ជំនាន់​ទី​៧​អាច​នឹង​ថោក​ជាង​មុន​បន្តិច ប៉ុន្តែ​មិន​ប្រាកដ​ថា​ប៉ុន្មាន​នោះទេ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ព័ត៌មាន​មួយ​ចំនួន​ដែល​ទាក់ទង​នឹង iPhone ជំនាន់​ទី​៧ ដេល​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ ហើយ​លេខ​៧ ប្រហែល​ជា​លេខ​ហ៊ុង​សុយស​ម្រាប់ Apple ផងដែរ ព្រោះថា​នៅ​ក្នុង​នោះ​មាន iOS 7 លក្ខណៈពិសេស ៧​យ៉ាង និង​ជា iPhone ជំនាន់​ទី​៧។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១០ខែកញ្ញា ស្អែកនេះ ក្រុមហ៊ុន Apple នឹងបង្ហា្ញញ iPhone ជំនាន់ថ្មី ដែលត្រូវបានគេ​រំពឹងទុកថា iPhone 5S។ ប្រិយមិត្ត្​អាច​ចុច Like ដំណឹង Page នៅលើ Facebook ដើម្បីទទួលបានព័ត៌មានពី iPhone ថ្មី។ ស្អែកនេះ យើងនឹងផ្សាយអំពី ព្រឹត្តិការបង្ហាញ iPhone 5S។ កុំ​ភ្លេច​តាមដាន​ទាំងអស់គ្នា៕

មតិយោបល់