បើទោះបីមកដល់បច្ចុប្បន្នក្រុមបាតុករថៃបានកាន់កាប់អគ្គស្នងការប៉ូលិសក៏ដោយតែស្ថានភាពបានឈានមករកភាពស្ងប់ស្ងាត់បន្តិចនៅក្រោយការដកថយនៃកងកម្លាំងបង្ក្រាបក្រុមបាតុករហើយនៅតាមផ្លូវនានាគេសង្កេតឃើញថាមានការបោសសម្អាតឡើងវិញក្នុងការត្រៀមខ្លួនប្រារព្ធពិធីគម្រប់ខួបចម្រើនព្រះជន្មស្តេចថៃដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ស្អែកនេះហើយ។
ការតវ៉ាប្រឆាំងដែលបានធ្វើឡើងចាប់តាំងតែពីថ្ងៃទី 24 វិច្ឆិកានិងចាប់ផ្តើមឡើងកាន់តែធ្ងន់ធ្ងរឡើងនៅប៉ុន្មានថ្ងៃចុងក្រោយកាលពីសប្តាហ៍មុនបានស្រាកស្រានបន្តិចទៅវិញចាប់ពីថ្ងៃច័ន្ទមក។ក្រុមបាតុករបន្តកាន់កាប់កន្លែងនិងស្ថាបន័នសំខាន់ក្នុងគោលបំណងបិទរដ្ឋាភិបាលចោល។ទាំងស្នងការប៉ូលិសក្រុងនិងការិយាល័យរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់ត្រូវបានព្យាយាមធ្វើព្យុះធ្វើភ្លៀងដោយក្រុមបាតុករតែមកទល់នឹងថ្ងៃអង្គារម្សិលមិញក្រុមកម្លាំងបានសម្រេចចិត្តដកថយដើម្បីហើយអនុញ្ញាតិឲ្យក្រុមបាតុករចូលកាន់កាប់។
ដោយឡែកនៅព្រឹកថ្ងៃពុធនេះគេឃើញមានមនុស្សមួយចំនួននៃក្រុមបាតុករនិងក្រុមកម្លាំងប៉ូលិសផងបានជួយគ្នាសម្អាតទីលានប្រជាធិបតេយ្យដែលត្រូវបានគេនឹងប្រារព្ធពិធីចម្រើនព្រះជន្មសេ្តចថៃដែលនឹងឈានដល់ព្រះជន្មាយុ 86 វស្សានៅថ្ងៃព្រហស្បតិ៍ស្អែកនេះហើយ៕
មតិយោបល់