មុនពេលជាឈានជើងចូលវិទ្យាល័យ ស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គមយក្ស Facebook លោក Mark Zuckerberg បានចេះសរសេរកូដ និងបង្កើតកម្មវិធីកុំព្យូទ័រ ព្រមទាំងត្រូវបាន Microsoft ចង់ជួលឲ្យធ្វើការជាមួយទៀតផង។

លោក Edward Zuckerberg ដែលត្រូវជាឪពុករបស់ Mark Zuckerberg គឺជាគ្រូបង្រៀនភាសាកុំព្យូទ័រនៅទសវត្សរ៍ទី ៩០ ហើយលោកក៏បានបង្រៀន Mark ឲ្យចេះភាសាកុំព្យូទ័រដែលមានឈ្មោះថា Atari BASIC។
ក្រោយមក លោក Edward Zuckerberg ក៏បានជួលគ្រូម្នាក់ឲ្យមកបង្រៀនកូនប្រុសរបស់នៅផ្ទះ។ នៅក្នុងពេលរៀនសូត្រ Mark បានយកចិត្តទុកដាក់រៀនសូត្រ រហូតដល់គ្រូដែលមកបង្រៀន បានដាក់រហស្សនាមថា “ក្មេងអស្ចារ្យ”។
ក្រោយពីទទួលបានចំណេះដឹង និងបញ្ចប់វគ្គខ្លីផ្នែកភាសាកុំព្យូទ័រមក Mark Zuckerberg ក៏បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Synapse Media Player” ជាកម្មវិធីចាក់តន្ត្រី ពោលគឺតាំងពីមុនពេលដែលលោកបញ្ចប់វិទ្យាល័យ។
ក្រោយពីបង្កើតកម្មវិធី Synapse Media Player បាន ក៏មានក្រុមហ៊ុនមួយឈ្មោះថា Intelligent Media Group បានទិញយក (មិនមានប្រភពបញ្ជាក់តម្លៃ)។
យោងតាមទស្សនាវដ្ដី PC Magazine បានឲ្យដឹងថា ក្រុមហ៊ុន Microsoft និង AOL បានបំណងចង់ទិញកម្មវិធី Synapse Media Player និងចង់ជួលឲ្យបម្រើការងារជាមួយគ្នា។
សំណើស្នើសុំរបស់ ក្រុមហ៊ុន Microsoft និង AOL ត្រូវបាន Mark Zuckerberg បដិសេធ ព្រោះលោកបានសម្រេចចិត្តចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០០២៕
មតិយោបល់