បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានសម្រេចចិត្តទិញយកកម្មវិធីជជែកកម្សាន្តនៅលើទូរស័ព្ទដៃ WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ CNN។

បន្ទាប់ពីដំណើរការបានរយៈពេល ៥ឆ្នាំ WhatsApp បានទទួលនូវប្រជាប្រិយភាព និងការគាំទ្រមិនចាញ់ Twitter, Google, Microsoft និង Skype នោះប៉ុន្មានទេ រហូតដល់មានអ្នកប្រើប្រាស់ចំនួន ៤៥០លាននាក់ និងមានអ្នកប្រើប្រាស់ប្រចាំថ្ងៃរាប់លាននាក់ផងដែរ។
លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានថ្លែងនៅក្នុងវេទិកាមួយថា “គ្មាននរណាមួយនៅក្នុងពិភពលោកធ្វើបានដូច្នេះនោះទេ”។ ការថ្លែងបែបនេះចង់សំដៅទៅលើភាពជោគជ័យរបស់ WhatsApp ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
ការទិញ WhatsApp នេះនឹងជួយឲ្យបណ្ដាញសង្គម Facebook កាន់តែប្រសើរថែមទៀត ជាពិសេសគឺកម្មវិធី Facebook សម្រាប់ទូរស័ព្ទដៃតែម្ដង។
Facebook បានបញ្ជាក់ឲ្យដឹងថា ខ្លួននឹងចំណាយ ៤ពាន់លានដុល្លារអាមេរិកជាសាច់ប្រាក់ដល់ WhatsApp និង ១២ពាន់លានដុល្លារអាមេរិកក្នុងស្ដុក ហើយស្ថាបនិក និងបុគ្គលិកទាំងអស់មានសិទ្ធិទទួលបាន ៣ពាន់លានដុល្លារអាមេរិកផ្សេងទៀតក្នុងជំនួញភាគហ៊ុនដែលត្រូវបង់ បើសិនជាពួកគេនៅតែបម្រើការងារក្នុងក្រុមហ៊ុន Facebook ចំណែកលោក Jan Koum នាយកប្រតិបត្តិ WhatsApp នឹងសមាជិកក្រុមប្រឹក្សាភិបាល Facebook។
គួរបញ្ជាក់ផងដែរថា នេះជាការទិញមួយក្នុងតម្លៃថ្លៃបំផុត ដោយកាលពីឆ្នាំ ២០១២ Facebook បានចំណាយលុយត្រឹមតែ ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងការទិញ បណ្ដាញសង្គមរូបភាព Instagram៕
មតិយោបល់