ព័ត៌មានជាតិ

ស្តារ និងជួសជុលប្រឡាយមេ ប្រវែង១១ គីឡូម៉ែត្រនៅស្រុកព្រះនេត្រព្រះ

ប៉ោយប៉ែត: ទីប្រជុំជនក្រុងសិរីសោភ័ណ ជាតំបន់ទំនាប ។ ស្ថានភាពបែបនេះ បានធ្វើឲ្យក្រុងសិរីសោភ័ណ ក្លាយជាចំណុចប្រមូលផ្តុំទឹក ដែលហូរមកពីតំបន់ផ្សេងៗ ដូចជាស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកស្វាយចេក និងទឹកដែលហូរមកពីជួរភ្នំដងរែក។ល។

ទន្ទឹមនឹងស្ថានភាពភូមិសាស្ត្របែបនេះ ប្រព័ន្ធដោះទឹកនានាក៏ត្រូវបានគោករាក់ ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស ជាក់ស្តែងដូចជាប្រព័ន្ធប្រឡាយកុមារ ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងរំដោះទឹកដែលធ្លាក់មកពីតំបន់ជួរភ្នំដងរែក ក៏ត្រូវបានគោករាក់ បាត់បង់សមត្ថភាពដោះទឹក ដោយសារតែភាពខ្ទេចខ្ទាំក្នុងសម័យសង្គ្រាម និងការបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់ ពិសេសជំនន់ឆ្នាំ២០១១។ ចំពោះមុខបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំអ្នកបច្ចេកទេសដោយផ្ទាល់ចុះសិក្សាធ្វើការសាងសង់ឡើងវិញ និងបង្កើនតួនាទីប្រព័ន្ធប្រឡាយកុមារនេះ ឲ្យទៅជាប្រឡាយដោះទឹកផង និងប្រឡាយស្រោចស្រពផង។

នៅក្នុងដំណើរការស្តារឡើងវិញនេះ ប្រព័ន្ធប្រឡាយកុមារ ត្រូវបានអនុវត្តជាជំហានៗ ក្នុងនោះជំហានទី១ ត្រូវបានចាប់ដំណើរការបើកការដ្ឋានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ដោយមានទំហំការងារ ៖ ស្តារ និងជួសជុលឡើងវិញប្រឡាយមេ ប្រវែង១១ គីឡូម៉ែត្រ, ដាំស្មៅលើភ្លឺប្រឡាយអមសងខាងប្រវែង ១១ គីឡូម៉ែត្រ, ក្រាលគ្រួសក្រហមលើភ្លឺខ្នងប្រឡាយអមសងខាង ប្រវែង១១ម៉ែត្រ និងសាងសង់សំណង់សិល្បការធំតូចជាច្រើនកន្លែងទៀត។

ក្រោយពេលបញ្ចប់ជំហានទី១ នៅចុងឆ្នាំ ២០១៥ ការស្តារឡើងវិញ ប្រព័ន្ធប្រឡាយកុមារ ជំហានទី ២ ត្រូវបានចាប់ដំណើរការ នៅក្នុងឆ្នាំ ២០១៦ នេះ ដោយមានការស្តារប្រឡាយមេ ប្រឡាយរងដោះទឹក និងស្រោចស្រពជាច្រើនខ្សែ សំណង់សិល្បការ និងស្ពានធំៗសម្រាប់ឆ្លងកាត់ជាច្រើនកន្លែងទៀត។

ក្រោយពេលអនុវត្តន៍រួចរាល់ជាស្ថាពរប្រព័ន្ធប្រឡាយកុមារ មានលទ្ធភាពដោះទឹកជំនន់ បានប្រមាណ៩០ម៉ែត្រគូប ក្នុង១វិនាទី ព្រមទាំងផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ១៥.០០០ ហិកតា៕

មតិយោបល់