ព័ត៌មានជាតិ

ជប៉ុន​ផ្តល់​ជំនួយឥតសំណង ២៩៥​លាន​យ៉េន​ដល់​កម្ពុជា​សម្រាប់​អាហារូបករណ៍​

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន ២៩៥​លាន​យ៉េន (​ប្រហាក់ប្រហែល ២ ៨៥០ ០០០ ដុល្លារ​អាមេរិក​) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត កម្មវិធី​អភិវឌ្ឍន៍​អាហារូបករណ៍​របស់​ប្រទេស​ជប៉ុន​។​

​ជំនួយ​ឥត​សំណង​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើសុំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ដោយ​ឈរ​នៅលើ​ទស្សនៈ ដើម្បី​ពង្រឹង​ទំនាក់ទំនង មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានឲ្យដឹងថា សារលិខិត​ប្តូរ​នៃ​គម្រោង​នេះ នឹង​ត្រូវ​ចុះហត្ថលេខា​រវាង លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី ២៨ ឧសភា​ស្អែក​នេះ​៕​
H-hong-3

មតិយោបល់