ព័ត៌មានជាតិ

សាលារាជធានី​ បដិសេធ​សំណើ​ ប្រារព្ធ​ខួប​របស់​​សមាគមន៍​​ខ្មែ​រ​ក្រោម​​

សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​ទៅលើ​សំណើ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សុំ​កន្លែង​ប្រារព្ធ​ខួប​៦៥​ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី ដោយ​លើក​មូលហេតុ​ថា កុំ​ឲ្យ​ប៉ះពាល់​ដលល់​សន្តិសុខសណ្តាប់​ធ្នា​ប់​។​

​សមាគមន៍​ខ្មែរក្រោម​បាន​ដាក់​សំណើរ​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពីដើម​ខែ​ឧសភា កន្លងទៅ ដោយមាន ករណី​ស្នើ​សុំ​ទីតាំង​សួន​មុខ​វត្តបុ​ទុម​វត្តី​ដើម្បី​រំលឹក​ទិវា ៤​មិថុនា​១៩៤៩ ថ្ងៃ​ដែល​អាណា​ព្យាបាល​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅឲ្យ​ស្ដេច ប៉ាវ ដាយ កាន់កាប់ តែ​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​។ ក្រោយមក​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ឆ្នាំ ២០១៤​កន្លងទៅនេះ សមាគមន៍​នេះ​បាន​ដាក់​លិខិត​ស្នើ​ប្តូរ​ទីតាំង​ទៅ​វត្ត​សាមគ្គី​រង្ស៊ី​វិញ តែ​ត្រូវបាន​បដិសេធ​ជាថ្មីទៀត​។​

​ប្រធាន​សមាគម​ខ្មែរ​ក្រោម​លោក ថាច់ សេដ្ឋា បាន​ហៅ​ការហាមឃាត់​នេះ​ថា ជាការ​បំបិទ​សិទ្ធ​សេរីភាព និង​ថា​រដ្ឋាភិបាល​ហាក់​មិន​ចង់​រំលឹក​ពី​បញ្ហា​នេះ​។
​សមាគម​ខ្មែរ​ក្រោម​បានឲ្យ​ដឹង​ដែរថា រៀងរាល់​ឆ្នាំ​សាលា​រាជធានី​ភ្នំពេញ​តែង ឆ្លើយតប​យឺត ចំពោះ​សំណើ​រៀប​ប្រារព្ធ​ពិធី​នេះ ជាហេតុ​នាំឲ្យ​ពួកគាត់​ពិបាក​រៀបចំ​។ ទោះជា​យ៉ាងណា​ប្រធាន​សមាគមន៍​នេះ​អះអាងថា ខ្លួន​នឹង​ប្រារព្ធ​ទិវា​នេះ​នៅ​ថ្ងៃទី​៤​ខែ​មិថុនា​ខាង​មុខ តែ​មិន​ទាន់​កំណត់​ទីតាំង​ច្បាស់លាស់​នោះទេ​៕​
1

មតិយោបល់