ព័ត៌មានជាតិ

WhatsApp មិន​សប្បាយចិត្ត​នឹង iMessage របស់ Apple

​ក្រុមហ៊ុន Apple ទើបតែ​ប្រកាស​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​របស់ iMessage ជាមួយនឹង iOS 8 ដែល​ធ្វើឲ្យ​អ្នកប្រើ​កាន់តែ​ងាយស្រួល​ជាង​មុន ជាពិសេស​អាច​ឲ្យ​អ្នកប្រើ​ធ្វើ​ការបំភ្លេច WhatsApp បាន​ទៀត​ផង ដែល​ធ្វើឲ្យ លោក Jan Koum សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ WhatsApp មិនសូវ​សប្បាយចិត្ត​។​

iMessage ថ្មី​នៅ​លើ iOS 8 ត្រូវបាន​បញ្ចូល​លក្ខណៈពិសេស​ជាច្រើន​ដូចជា​អាច​ធ្វើការ​ផ្ញើ​សារ​ជា​អក្សរ សំឡេង និង​វីដេអូ ជាពិសេស​ថែមទាំង​អាច Share នូវ​ទីតាំង​បាន​ទៀត​ផង​។​

​លោក Jan Koum បាន​បង្ហោះ​នៅលើ Twitter ថា លក្ខណៈ​ពិសេស​ថ្មី​នេះ គឺ Apple ខ្ចី WhatsApp ប៉ុន្តែ​មិន​បាន​និយាយថា លួច​ចម្លង​នោះទេ​។ ទោះជា​យ៉ាងនេះ​ក្ដី ក៏​គេ​អាច​យល់​បាន​ថា លោក Jan Koum ពិតជា​ខិត និង​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ Apple​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា WhatsApp ត្រូវបាន Facebook ទិញ​កាលពី​ខែ​កុម្ភៈ ក្នុងតម្លៃ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​មកដល់ពេលនេះ​មាន​អ្នកប្រើប្រាស់​ជាង ៥០០​លាន​នាក់​៕​
imessage_vs_whatsapp

មតិយោបល់