ព័ត៌មានជាតិ

៨​ចំណុច​សំខាន់ៗ ដែល​អង្គភាព​អន្តរាគមន៍ ត្រូវ​អនុវត្តន៍​ដើម្បី​បង្កើន​សមត្ថភាព បន្ថែម​

ភ្នំពេញៈ ថ្លែង​ក្នុង​ពិធី​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ អង្គភាព​អន្តរាគមន៍ ចំនួន​១៤០​នាក់ នា​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤​នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មួន សារ៉ន ប្រធាន​អង្គភាព​អន្តរាគមន៍ បាន​មានប្រសាសន៍ថា ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម ក៏ដូចជា​កាត់បន្ថយ​ភាព ខុសឆ្គង​ក្នុង​ការដឹកនាំ និង​បង្កើន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ មន្ត្រីនគរបាល​ជាតិ អង្គភាព​អន្តរាគមន៍​ទាំងអស់ ត្រូវ​អនុវត្ត​នូវ​ទិសដៅ​ទាំង ៨​ចំណុច ខាងក្រោម​៖

១-​ទប់ស្កាត់​បង្ការ​បង្ក្រាប​បាតុភាព បង្ក​ចលាចល អំពើហិង្សា និង​ការធ្វើ​បាតុកម្ម ដោយ​ខុសច្បាប់​, ២-​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម អំពើ​ប្លន់​ប្រដាប់អាវុធ ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង​, ៣-​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ច្បាប់គ្រប់គ្រងអាវុធ គ្រឿង​ផ្ទុះ គ្រាប់រំសេវ សំដៅ​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព អាយុជីវិត សន្តិសុខ​ជាតិ និង​ប្រជាពលរដ្ឋ​, ៤-​ចូលរួម​សហការ ការពារ​ព្រះរាជ​ពិធី ពិធីបុណ្យ​ជាតិ អន្តរជាតិ និង​ការយាង​អញ្ជើញ​បំពេញ ទស្សនកិច្ច​ក្រៅប្រទេស និង​ក្នុង​ប្រទេស​, ៥-​ទំនាក់ទំនង​ល្អ ដោយ​សហការ​ជាមួយ​ស្ថាប័ សមត្ថកិច្ច​ពាក់ព័ន្ធរ​បស់​ជាតិ និង​អន្តរជាតិ ដើម្បី​ការពារ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​, ៦-​ចូលរួម​ចំណែក​ជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ជនរងគ្រោះ ដែល​ជួប​ការលំបាក ឬ​ប្រធាន​សក្តិ​, ៧-​ការងារ​ធានា​ដល់ ការការពារ​សន្តិសុខ ក្នុងការ​ធ្វើ​អន្តរាគមន៍ មាន​កម្លាំង​រចនាសម្ព័ន្ធ ដឹកនាំ​បញ្ជា សម្ភារៈ​ឧបករណ៍ មធ្យោបាយ​ដែល​បម្រើ​ឲ្យ​មុខជំនាញ​, ៨-​ខិតខំ​ដោះស្រាយ​ជំរក ស្នាក់នៅ កន្លែងធ្វើការ​ប្រចាំថ្ងៃ ផ្គត់ផ្គង់​ជីវភាព សំលៀក​បំពាក់ ផ្សព្វផ្សាយ​អប់រំ សុខភាព​អនាម័យ បង្ការ​ទប់ស្កាត់ ជំងឺឆ្លង​គ្រប់​ប្រភេទ និង​មាន​កម្មវិធី កីឡា​កាយសម្បទា​មាំមួន ។​

​នា​ឱកាស​នេះ ផង​ដែរ​ឯកឧត្តម ឧត្ដមសេនីយ៍ឯក មួន សារ៉ន ក៏​បាន​មានប្រសាសន៍​កោត សរសើរ​ដល់​មន្ត្រី​ក្រោម​ឱវាទ ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការ ពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ​បាន​ល្អប្រសើរ ដែល​ធ្វើឲ្យ​មាន​ទំនុកចិត្ត ពី​សំណាក់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​សេនាធិការដ្ឋាន​។​ជាមួយគ្នា​នោះ ឯកឧត្ដម ក៏​បាន​ផ្តាំផ្ញើ ចំពោះ​នាយ​នគរបាល នាយ​នគរបាល​រង និង​មន្ត្រីនគរបាល​ជាតិ ដែល​ទើប​ទទួលបាន​ភារកិច្ច និង​ឋានន្តរសក្តិ​ថ្មី ក៏ដូចជា​កងកម្លាំង ក្នុង​អង្គភាព​អន្តរាគមន៍ ទាំងមូល​ត្រូវ​បន្ត លើកកម្ពស់ និង​ពង្រឹង​គុណភាព ការគ្រប់គ្រង​ដឹកនាំ ទទួល​អនុវត្ត គោរព​បទបញ្ជា ឲ្យបាន​ម៉ឺងមាត់ ត្រឹមត្រូវ​សមស្រប​តាម កម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​ឯកឧត្ដម ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ក្នុងនាម​ជា​កងកម្លាំង នគរបាលជាតិ ត្រូវ​មាន​ជំហរ​ស្មារតី​រឹងមាំ សីលធម៌​រស់នៅ​ល្អ ស្មោះត្រង់​ចំពោះ​ជាតិ សាសនា​ព្រះមហាក្សត្រ និង​ត្រូវ​ប្រកាន់យក​នូវ​វិន័យ សេចក្តីថ្លៃថ្នូរ ឲ្យ​សមជា​នគរបាលជាតិ ៕
Nokor

មតិយោបល់